ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ ក្នុងហេយុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្លើម និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ស្រាល គ្រា ដែលពួកគេទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្តដឹកទឹកកក ពីក្រោយយ៉ាងពេញទំហឹងក្រោយកើតហេតុរថយន្តបើករត់បាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០បាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខឃ្លាំងសាំងសូគីម៉ិច ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកវ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះហួយ សុខហ៊ី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់វាំងននស្នាក់នៅផ្ទះលេខ៣១៣ ក្រុម១០ភូមិមិត្តភាពសង្កាត់ឫស្សីកែខណ្ឌឫស្សីកែវ ។ រីឯអ្នករួមដំណើរទាំង២នាក់នោះ ទី១ឈ្មោះ ប៉ុម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរកម្មកររោងចក្រមី ទី២ឈ្មោះ ម៉ម លាល័ក្ខ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបររត់តុ អ្នក២នាក់ស្នាក់នៅ ជាមួយជនរងគ្រោះខាងលើ ។ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1HE-5291 ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង៣នាក់ជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតទៅបុករថយន្តដឹកទឹកកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជនជាអ្នកឌុបបាក់កបែកថ្លើម ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ស្រាលត្រូវបានគេហៅរថយន្តសាមុយដឹកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត និងមន្ទីរពេទ្យសម្តេចឪ ។ ក្រោយកើតហេតុរថយន្តបើករត់បាត់ស្រមោល ។

បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកពិនិត្យកន្លែងកើតហេតុធ្វើការវាស់វែង យវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោករាជធានី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់ប្រគល់ឲ្យសាច់ញាតិបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចាន់ធឿន


ចែករំលែក៖