ភ្នំពេញ៖ ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាង សកម្មនាពេលកន្លងមក ក្នុងការអភិវឌ្ឍវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២សម្រាប់ឆ្នាំ២០១៩បន្តទៀត ។
កម្មវិធីនេះនឹងបើកឱកាសដល់សាធារណជនទូទៅស្នើបេក្ខភាពស្រ្តីគ្រប់រូបដែលខ្លួនទទួលស្គាល់ថាជាស្រ្តីគំរូជាស្ត្រីឆ្នើម និងសកម្មបានចូលរួមច្រើនក្នុងការអភិវឌ្ឍវិស័យ ប.គ.ព ក្នុងប្រទេសដើម្បីទទួលពានរង្វាន់កិត្តិយសជា ” ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩” ពីក្រសួងប.ទ ។
បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួនដើម្បីចូលរួមលើកកម្ពស់វិស័យនេះ និងជំរុញការចូលរួមរបស់ស្រ្តីផ្សេងទៀតផងដែរ ។ ក្រសួងប.ទនឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីទាំងនោះហើយផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើមក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា “Digital Cambodia” ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩ ។
កម្មវិធីឆ្នាំនេះ ផ្តោតលើប្រធានបទ ស្រ្តីកម្ពុជាសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថល នឹងប្រកាសរកបេក្ខភាពជាស្ត្រីចាប់ពីថ្ងៃទី២៥ខែមករារហូតដល់ថ្ងៃទី២៥ខែកុម្ភ: ឆ្នាំ២០១៩ ។ បន្ទាប់មកក្រសួងនឹងធ្វើការជ្រើសរើសហើយវាយតម្លៃរកស្រ្តីឆ្នើមលេចធ្លោដែលមានគុណសម្បត្តិគ្រប់គ្រាន់ ។ ជ័យលាភី០៥ (ប្រាំ) រូបនឹងត្រូវផ្តល់កិត្តិយសទទួលពានរង្វាន់នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០១៩ខាងមុខ ។
ពាក់ព័ន្ធនឹងការផ្តួចផ្តើមឲ្យមានកម្មវិធីនេះឡើងលោក ត្រាំអុីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រធានក្រុមប្រឹក្សាមូលនិធិស.អ. បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរទៅជាឌីជីថល (Digital Transformation) គឺជារបត់នៃការប្រែប្រួលក្នុងយុគសម័យឌីជីថលនេះដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ជាមធ្យោបាយឬឧបករណ៍ដើម្បីផ្លាស់ប្តូររបៀបរបរការងារការធ្វើអាជីវកម្ម និងការគ្រប់គ្រងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកំណើនផលចំណេញ និងពង្រីកឱកាសផ្សេងៗទៀត ។
ដើម្បីអាចអភិវឌ្ឍប្រទេសឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤យើងគ្រប់គ្នាត្រូវចូលរួមជំរុញ និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទៅជាឌីជីថលស្របតាមយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ។ ”
ចំពោះការរៀបចំកម្មវិធីនេះលោកកានច័ន្ទមេត្តារដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាមូលនិធិស.អ. បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ។ ស្ត្រីភាគច្រើនជាអាជីវករអភិបាលក្រុមហ៊ុនខ្នាតតូច និងមធ្យម ។
ក្នុងការជំរុញTech Start Up និងនវានុវត្តន៍នាពេលកន្លងមកយើងសង្កេតឃើញមានស្រ្តីចូលរួមច្រើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ ។ ម្យ៉ាងវិញទៀតការរៀបចំកម្មវិធីនេះក៏ជាការកៀរគរការចូលរួមពីគ្រប់តួអង្គដើម្បីសម្រេចនូវគោលដៅផ្លាស់ប្តូរទៅជាឌីជីថល និងគោលដៅយុទ្ធសាស្រ្តកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានឆ្នាំ២០២០ ។ យើងសូមលើកទឹកចិត្តឲ្យស្រ្តីចូលរួមកាន់តែច្រើនឡើង ។ “កម្មវិធីឆ្នាំ២០១៩នេះមានពានរង្វាន់រហូតដល់០៥ (ប្រាំ) ប្រភេទគឺសហគ្រិនឆ្នើមស្រ្តីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) វិស្វករស្រ្តីជោគជ័យក្នុងជំនាញប.គ.ព (Cambodian Woman ICT Engineer Award)ស្រ្តីដែលបានចូលរួមជំរុញនូវការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award), ស្ត្រីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Content Award) និងចុងក្រោយគឺពន្លកថ្មី ( Girl Innovator ) ។
សូមបញ្ជាក់ថាស្រ្តីឆ្នើមនៅកម្ពុជាទាំង០៥(ប្រាំ)ប្រភេទដែលត្រូវបានជ្រើសរើសត្រូវតែជាក្រុមស្ត្រីកម្ពុជាដែលមានសក្តានុពលក្នុងផ្នែកបច្ចេកវិទ្យាមានភាពជាអ្នកដឹកនាំខ្ពស់ព្រមទាំងបានប្រើប្រាស់នូវជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួនក៏ដូចជានៅក្នុងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ក្រៅពីនេះពួកគាត់ក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និងកម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្តដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យាសម្រាប់យកមកបម្រើផលប្រយោជន៍ក្នុងសង្គមកម្ពុជាជារួម ។ សាធារណៈជនអាចចូលរួមក្នុងកម្មវិធីនេះបានដោយស្នើបេក្ខភាពស្រ្តីដែលលោកអ្នកគិតថាជាស្រ្តីឆ្នើមឬស្រ្តីគំរូក្នុងវិស័យនេះ ។ ការស្នើបេក្ខភាពអាចធ្វើឡើងតាមប្រព័ន្ធអនឡាញដោយគ្រាន់តែចូលទៅក្នុងតំណភ្ជាប់http://cbrd.gov.kh/nominations ឬអាចទំនាក់ទំនងតាមសារអេឡិកត្រូនិកinfo@cbrd.gov.kh ឬទូរស័ព្ទលេខៈ012 717 318ឬ086 47 87 72៕ វឌ្ឍនា