ខេត្តព្រះសីហនុ៖ គំនរសំរាម មានថង់ប្លាស្ទីក និងសំបកកង់រថយន្តចាស់ៗ បានឆេះឡើងសន្ធោរសន្ធៅ ខណៈមានខ្យល់ និងកំដៅថ្ងៃហែង ប្រការនេះ បានធ្វើឲ្យមានការព្រួយបារម្ភ ពីគ្រោះអគ្គីភយ័ផ្អើល ពេញទីក្រុងព្រះសីហនុ ។
ករណីនេះ កើតឡើងនៅចំណុចជិតក្លឹបអុិចសេវែន វេលាម៉ោង១០កន្លះព្រឹក ថ្ងៃ៣០ ខែមករា ឆ្នាំ២០១៩នេះ ក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។
សាក្សីនៅជិតកន្លែងឆេះនោះ បានរាយការណ៍មកថា មានរថយន្តពន្លត់អគ្គិភយ័ចំនួនច្រើនគ្រឿង បានមកជួយពន្លត់ក្នុងនោះមានរថយន្តអគ្គិភយ័ពីស្នងការដ្ឋាននគរបាលខេត្ត; កងរាជអាវុធហត្ថខេត្ត និងខាងអង្គភាពកំពង់ផែស្វយ័ត ខេត្តព្រះសីហនុផងដែរ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នេះមិនមែនជាអគ្គិភយ័ឆេះលំនៅឋានពលរដ្ឋទេ គឺឆេះគំនរសំរាមលាយឡំ ដោយគំនរសំបកកង់ឡានចាស់ៗ ដែលទុកក្នុងដីឡូត៍មួយកន្លែងនៅទីនោះ និងថា ការអន្តរាគមន៍ដោយឡានទឹកច្រើនគ្រឿង ដោយសារស្ថានភាពឆេះកង់ឡានមានសភាពធ្ងន់ធ្ងរ ដើម្បីការពារកុំឲ្យរាលឆេះដល់ផ្ទះប្រជាពលរដ្ឋ ៕