ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានស្ត្រីម្នាក់ មានផ្ទៃពោះ៥ខែហើយ បានមកធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារថ្មី ប៉ុន្តែមិនស្លាប់ដោយសារចេះហែលទឹក និងបានទូកនេសាទខ្មែរឥស្លាមជួយទាន់ពេលវេលា ។
ករណីនេះ បានបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស្ត្រីម្នាក់ ដែលលោតទឹកសម្លាញ់ខ្លួននោះ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ អាយុប្រហែល២០ឆ្នាំជាង ស្លៀករ៉ូបពណ៌លឿង ពណ៌អាវយឺតសពីខាងក្នុង និងមានផ្ទៃពោះ៤ទៅ៥ខែផងដែរ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្រ្តីខាងលើ បានដើរតាំងពីសង្កាត់ស្រះចក ក្នុងទិសដៅពីលិចទៅកើត សម្ដៅឡើងស្ពានជ្រោយចង្វារ ខណៈមកដល់ពាក់កណ្ដាលស្ពាន ក៏បានឡើងលើបង្កាន់ដៃស្ពានហក់លោតចូលទៅក្នុងទឹកបង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមនោះប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចប្រចាំគោលដៅស្ពាននាំគ្នាស្រែកហៅទូកអ្នកនេសាទខ្មែរឥស្លាមជួយ ហើយដោយសារតែស្រ្តីរូបនោះចេះហែលទឹកបានមកតោងនឹងបង្គោលស្ពានជាប់ ទើបទូកអ្នកនេសាទជួយទាន់ពេលវេលា ។
ក្រោយកើតហេតុ ដោយស្រ្តីខាងលើនេះ ហែលទឹកអស់កម្លាំងពេកក៏បានសន្លប់បាត់បង់ស្មារតី ភ្លាមនោះក៏ត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះបន្តទៀត ៕ជ្រោយពេជ្យ