ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមដំណើរដោយឯកឧត្តម រ័ត្ន វិរៈ និងឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន ចុះសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សនៅតាមស្នាក់ការអភិរក្ស នៃដែនជម្រកសត្វព្រៃស្រែពក។
ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ដែលបាននិងកំពុងបំពេញភារកិច្ចដើរល្បាត ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិនានាក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី រួមទាំងការជំរុញនិងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ជាពិសេសការរក្សានូវសាមគ្គីភាព និងភាតរភាព ប្រៀបដូចពាក្យស្លោកមួយឃ្លាពោលថា «នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយតែមួយ»។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ រួមទាំងក្រុមការងារ បានចូលរួមពិសាបាយសាមគ្គីជាមួយនឹងបងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់គ្នាក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលបំផុតដោយក្ដីរីករាយ និងគោរពស្រឡាញ់៕