ព័ត៌មានទាន់ហេតុការណ៍៖

បម្រុងវាយ ប្រពន្ធទាញកាំបិតបុ័ងតោកាប់ហូរឈាមស្រោចខ្លួន ទំនាស់រឿងលុយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ជាជនពិការម្នាក់ រងរបួសហូរឈាមស្រោចជោគខ្លួន ដោយសារប្រពន្ធកាប់ក្បាលនឹងកាំបិតបុ័ងតោ នៅគ្រាដែលមានទំនាស់ក្នុងគ្រួសារករណីលុយ ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦ និង៣៥នាទី ព្រលប់ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ និងជនដៃដល់ ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសដែលហូរឈាមស្រោចជោកខ្លួនឈ្មោះ រៀម សុខន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុ របួសលើត្រចៀក (ខាងស្ដាំ) ចំណែកស្រ្តីជាប្រពន្ធ (ដៃដល់) ឈ្មោះ អៀង ហុិត អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ។

ក្នុងរបាយការណ៍ដដែលបន្តថា ករណីហិង្សាក្នុងគ្រួសារខាងលើផ្ដើមចេញពីទំនាស់ពាក្យសម្ដី ខណៈប៉ុន្មានថ្ងៃមុនជនរងរបួសជាប្ដី យកលុយប្រពន្ធចំនួន ១៥០,០០០រៀលធ្វើសាហ៊ុយ ទៅបើកលុយជនពិការនៅខេត្តកោះកុង ប៉ុន្តែដោយបើកប្រាក់ខែ ជាជនពិការមិនទាន់បាន ក៏វិលត្រឡប់មកផ្ទះវិញសិន លុះមកដល់លំនៅឋានវិញស្រ្តីជាប្រពន្ធ(ដៃដល់) បានសួរនាំ (ដេញដោល) ក៏កើតជាទំនាស់ពាក្យសម្ដីឡើងយ៉ាងតឹងសសៃករៀងៗខ្លួន ខណៈនោះលោកប្ដីហូរឈាមស្រោចជោគខ្លួន បានយកដំបងបំរ៉ុងវាយប្រពន្ធ ប៉ុន្តែត្រូវបានប្រពន្ធទាញកាំបិតបុ័ងតោកាប់បណ្ដាលឲ្យរងរបួសហូរឈាមបែបនេះតែម្ដង។

របាយការណ៍បន្តទៀតថា ករណីនេះ សមត្ថកិច្ចបានជួយសម្រួលបញ្ជូនជនរងរបួសទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ហើយសួរនាំ និងកំពុងសម្របសម្រួលគ្នា៕ ប៉ឹម ពិន


ចែករំលែក៖