ភ្នំពេញ ៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថាស្ពានជ្រោយចង្វារទី១ ដែលបានសាងសង់ប្រមាណ៩៣ភាគរយហើយនោះ តាមគម្រោង ស្តារឡើងវិញ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវដាក់ឲ្យប្រើ ប្រាស់ឡើងវិញ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះហើយ ។
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ពានជ្រោយចង្វារចាស់ នឹងដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះហើយក្រោយ ពេលជួសជុលសាងសង់៩៣ភាគរយ ពោលគឺ លឿនជាងការគ្រោងទុក។ មន្ត្រីថានេះជាគម្រោងស្តារឡើងវិញ ប្រើហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។
មន្ត្រីបញ្ជាក់ថា “គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿនជាងការគ្រោងទុក១៤ ភាគរយ។
មន្ត្រីបញ្ជាក់បន្ថែមថា ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ”៕ សហការី