ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់ក្នុងចំណោមបក្ខពួកច្រើននាក់ យកដុំថ្មគប់អ្នកធ្វើដំណើរតាមផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់ ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ សាកសួរ​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​យក​ដំ​ថ្ម​គប់​អ្នកដំណើរ​តាម​ផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ជិត​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ លឹ​ម សេង​ស្រៀ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ចំណែក​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​មិន​បានឲ្យ​ស្គាល់ឈ្មោះ​បាន​រត់​គេ​ខ្លួន​បាត់ សមត្ថកិចកបន្តថា ជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

តាម​សម្តី​ជន​រង​គ្រោះ​បានឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​មាន​គ្នា​៥​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង បាន​ចេញ​ពី​ម្តុំ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក គោលបំណង​ជូន​មិត្តភក្តិ​ទៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជន​សង្ស័យ​​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ បាន​ពួន​នៅ​ច្រក​ឌឿងហែម ជា​កន្លែង​ងងឹត ហើយ​យក​ដុំ​ថ្ម​គប់​មក​លើ​ពួក​គាត់ បណ្តាល​ឲ្យ​ចំ​ម៉ូតូ និង​ក្បាល បំណង​ចង់​ប្លន់​យក​ម៉ូតូ តែ​សំណាងល្អ​ពួក​គាត់​មាន​មួក​ការពារ​សុវត្ថិភាព​ជួយ ។ ភ្លាម​ៗ​នោះ​ដែរ ចៃដន្យ​មាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ល្បាត​ឆ្លងកាត់​ទីនោះ ឃើញ​ក៏​ឃាត់​បាន​បុរស​ម្នាក់ ចំណែក​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​បាត់​រត់គេច​អស់ ។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​បាន​សាកសួរ​ថា ករណី​កើតហេតុ​នៅ​ទឹកដី​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​បាន​ប្រគល់​ជនសង្ស័យ និង​ជន​រង​គ្រោះ​ឲ្យទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​២ ដើម្បី​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​ទៅ​តាម​ច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖