ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាល បានចេញជួយអន្ដរាគមន៍ ករណីគ្រោះអគ្គិភ័យឆេះតូប នៅក្នុងផ្សារសាមគ្គឺ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារមូលហេតុតខ្សែភ្លើងគ្មានបច្ចេកទេស ធ្វើឲ្យផ្ទុះឆ្លងចរន្តអគ្គិសនីឆេះតែម្តង ។
មន្ត្រីជំនាញបញ្ជាក់ថា ហេតុការណ៍ គ្រោះអគ្គិភ័យនេះ បំផ្លាញតូបអស់ចំនួនមួយខ្នងរបស់ម្ចាស់ឈ្មោះ ឡាយ ស្រីយ៉ុង ភេទស្រី អាយុ ៥៤ឆ្នាំ លក់អីវ៉ាន់ចាប់ហួយ ដោយបានកើតឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១ និង២០នាទីយប់ ។
ប្រភពបន្តថា អគ្គិភ័យនេះ ឆេះសម្ភារក្នុងតូបទំហំ៨ម៉ែត្រគុណ៨ម៉ែត្រ ឆេះស្ទើរទាំងស្រុង ដំបូលប្រក់សង្កូ័សី ជញ្ជាំង បាំងសង្ក័សី និងឥវ៉ាន់ចម្រុះនៅក្នុងតូបឆេះទាំងអស់តែម្តង ។
ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យក្រោមកិច្ចសហការរបស់កម្លាំងអធិការដ្ឋានស្រុកអង្គស្នូល ខេត្តកណ្ដាល ប្រើប្រាស់រថយន្ដអគ្គិភ័យសរុបចំនួន៥ គ្រឿង (រថយន្តខេត្តកំពង់ស្ពឺ៣គ្រឿង និងស្រុកអង្គស្នូល២គ្រឿង ) រហូតដល់ម៉ោង ១និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបអគ្គិភ័យត្រូវបានគ្រប់គ្រង និងពន្លត់ទាំងស្រុង ។
សូមបញ្ជាក់ថា ករណីនេះ មានកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន និងការបញ្ជាដឹកនាំចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ទើបកងកម្លាំងនគរបាលគ្រប់ផ្នែកអនុវត្ដបានជោគជ័យ ក្នុងការពារមិនឲ្យអគ្គិភ័យឆេះរាលទៅតូបអ្នកផ្សេង ក្នុងផ្សារឡើយ។
ជំនាញអះអាងថា មូលហេតុ បណ្តាលមកពីតខ្សែភ្លើង គ្មានបច្ចេកទេស ធ្វើឲ្យផ្ទុះឆ្លងចរន្តអគ្គិសនីឆេះតែម្ដង (មកពីខ្សែភ្លើងតំណច្រើនកន្លែងពេក) ។
អាជ្ញាធរបានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមអាជីវករ ត្រូវរៀបចំការពារខ្ពស់លើបច្ចេកទេសនៃការតបណ្ដាញអគ្គិសនីក្នុងផ្ទះ តូបលក់ដូរ ត្រូវរកអ្នកជំនាញឲ្យជួយ ក្នុងករណីនេះ កុំប្រើប្រាស់ខ្សែភ្លើងចាស់ តំណច្រើន ព្រោះអាចប៉ះផ្ទុះឆ្លងចរន្ដទៅជាអគ្គិភ័យបំផ្លាញទ្រព្យសម្បត្ដិរបស់បងប្អូន ៕ សេនាស័ក្តិ