ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា និងប៉ាគីស្ថានបង្កើនការផលិត និងសាកល្បង អាវុធទំនើបៗ

ចែករំលែក៖

ឥណ្ឌា និងប៉ាគីស្ថាន គឺជាប្រទេសដែលមានវិវាទនៅតាមបណ្តោយព្រំដែន ដោយកម្លាំងទាហានប្រទេសទាំងពីរ តែងតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ​។ កន្លងមក ប៉ាគីស្ថាន ក៏បានបង្ហាញនៅការសាកល្បងមីស៊ីលដោយជោគជ័យ អាចកម្ទេចទីតាំងនានារបស់សត្រូវបាន ។

នៅពេលនេះដែរ ឥណ្ឌាក៏បានសាកល្បង មីស៊ីលកម្ទេចរថក្រោះ​ ប្រភេទ​ Helina ​បាញ់ចេញពីឧទ្ធម្ភាគចក្រ ​។ សារព័ត៌មាន​ Sputnik ​បានផ្សាយថា ប្រព័ន្ធសព្វាវុធខាងលើគឺជាប្រភេទមីស៊ីលសម្រាប់បាញ់ពីលើផ្ទៃអាកាស នៃមីស៊ីលកម្ទេចរថក្រោះហៅថា Nag ហើយឈ្មោះរបស់វាថា HeliNa នេះ គឺបានមកពីការរួមបញ្ចូលគ្នានៃពាក្យ Heli ពី Helicopter (ឧទ្ធម្ភាគចក្រ) និង Na ពី Nag ។ អង្គការអភិវឌ្ឍន៍ និងស្រាវជ្រាវសព្វាវុធសម្រាប់វិស័យការពារជាតិឥណ្ឌា (DRDO) បានអភិវឌ្ឍន៍មីស៊ីល Nag ចាប់តាំងពីឆ្នាំ២០០៩ មកម៉្លេះ ដោយចំណាយលុយខ្ទង់៤៧លានដុល្លារអាមេរិក ។

គួរជម្រាបថា មីស៊ីលខាងលើធ្វើប្រតិបត្តិការដោយប្រើមុខងារ Lock on Before Launch ដែលមានរយៈចម្ងាយវាយប្រហារចន្លោះពី៤ទៅ៧គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយជាងគេបង្អស់ ក្នុងចំណោមប្រភេទមីស៊ីលដែលប្រើប្រាស់សម្រាប់ប្រឆាំងរថក្រោះនៅលើពិភពលោក។

បើធៀបជាមួយមីស៊ីល Javelin របស់អាមេរិក និង Spike របស់អ៊ីស្រាអែល ដែលប្រើមុខងារ Lock on Before Launch ដែរនោះ គឺពួកវាមានរយៈចម្ងាយត្រឹមតែ២.៥គីឡូម៉ែត្រ ប៉ុណ្ណោះ ។

ពេលថ្មីៗនេះ ប៉ាគីស្ថានបានប្រកាសថា កម្លាំងទាហាន មានមីស៊ីល​ដែលមានកម្លាំងខ្លាំង អាចយកឈ្នះមីស៊ីល​ការពារ​ ទាំងឡាយដែលឥណ្ឌាមាន ​ក្នុងនោះ មានមីស៊ីល​ S-400 ដែលឥណ្ឌាទិញពីរុស្ស៊ីផងដែរ​ ។

សារព័ត៌មាន​ Sputnik ​រុស្ស៊ី បានផ្សាយថា​ ប៉ាគីស្ថាន បានសាកល្បងដោយជោគជ័យ​ពីរលើក កន្លងមកនូវប្រភេទមីស៊ីល Nasr អាចបំពាក់ក្បាលគ្រាប់បរមាណូ​ ។ មីស៊ីលខាងលើ របស់ប៉ាគីស្ថាន វាយប្រហារចំគោលដៅខ្ពស់ ដោយអាចឆ្លងផុតប្រព័ន្ធការពារមីស៊ីលនានារបស់សត្រូវ​ ។

ប៉ាគីស្ថានបានប្រកាសថា មីស៊ីល​ Nasr ​អាចវាយប្រហារចំគោលដៅខ្ពស់ ក្នុងចម្ងាយ ៧០គីឡូម៉ែត្រ ។ មីស៊ីលខាងលើត្រូវបានផលិតឡើងដើម្បីឆ្លងផុតពីប្រពន្ធមីស៊ីលការពាររបស់ឥណ្ឌា ក្នុងនោះមាន S-400s ដែលទើបទិញពីរុស្ស៊ី​។ មីស៊ីល​ Nasr ​ត្រូវបានផលិតឡើង តាំងពីឆ្នាំ​២០១១ ហើយពេលនេះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ៕

OLYMPUS DIGITAL CAMERA


ចែករំលែក៖