ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីអនុវត្តច្បាប់នៃសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជូនពិរុន្ធជនម្នាក់ទៅឃុំខ្លួន ដោយជាប់ចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ កាលពីឆ្នាំ២០១០ ។ នេះបើតាមការបញ្ជាក់ពីលោក វរៈសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន លេខ១៦ ចខ/១៩ ចុះទី២៣ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អុិត សម្ភស្ស ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាកម្លាំងឲ្យអនុវត្តពិរុទ្ធជនឈ្មោះ នាគ សុរិន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទើបកម្លាំងអនុវត្តដីកាខាងលើនេះ នៅវេលាម៉ោង២ និង០៦នាទី រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្បូវផ្ទះពិរុទ្ធជន ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង។
លោក អធិការបន្តទៀតថា ក្នុងដីកានោះពិរុទ្ធជន (នាគ សុរិន) ជាប់ចោទពីបទៈ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ ដែលបានប្រព្រិត្តឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ថិតនៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយជនជាប់ចោទអវត្តមាននាពេលសវនាការ ហើយបានគេចខ្លួនត្រូវបានតុលាកាដាក់ពន្ធនាគារកំណត់ ១០ឆ្នាំគត់ ដោយគ្មានព្យួរទោស៕ បឹុម ពិន