ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះកន្លែងស្តុបប្រេងសង្ស័យបណ្ដាលមកពីជក់បារី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កន្លែងស្តុបប្រេងម៉ាស៊ូតមួយត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដែលគេសង្ស័យអាចបណ្ដាលមកពីភ្លើងជក់បារី បណ្ដាលឲ្យរងការខូចខាតសម្ភារយ៉ាងច្រើន ។

ហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះកន្លែងស្តុបប្រេងខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃសៅរ៍ ៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរឃើញថា កន្លែងស្តុបប្រេងម៉ាស៊ូតត្រូវបានអគ្គិភ័យឆាបឆេះអស់ស្រុងនោះ សង់អំពីថ្ម ដំបូលប្រក់ស័ង្កសី ទំហំ១០ម៉ែត្រ គុណនឹង១២ម៉ែត្រ ម្ចាស់ឈ្មោះ ផុន ផល ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ផុន សុភាព អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ។

របាយការណ៍បន្តថា ក្នុងនោះប្រើប្រាសរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រគរ ១គ្រឿង បាញ់ទឹកអស់ចំនួន ៣សុីទែន និងរថយន្តដឹកទឹករបស់កងវស្វកម្មចំនួន ២គ្រឿងផងដែរ ដើម្បីជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះនៅសេសសល់។

របាយការណ៍ដដែលបន្តទៀតថា ការខូចខាតរួមមាន៖ បន្ទប់ស្តុបប្រេងម៉ាស៊ូតចំនួន ១ខ្នងឆេះអស់ទាំងស្រុង ប្រេងម៉ាស៊ូតចំនួន ០៥ពុយ ស្មើនឹងចំនួន ១០០០លីត្រ រថយន្ត ១គ្រឿងម៉ាក នីសាន់ មួយបាំងកន្លះ គោយន្ដកន្រ្តៃចំនួន ១គ្រឿង និងគ្រឿងសំណង់ចំនួន ៦០ទៅ៧០ភាគរយ មូលហេតុ៖ អាចបណ្ដាលមកពីកូនប្រុសឈ្មោះ ផុន សុភោគ អាយុ ២២ឆ្នាំ ជក់បារីនៅក្នុងនោះ ប៉ុន្តែទោសជាយ៉ាងណាក្ដីមិនបង្កការគ្រោះថ្នាក់ដល់មនុស្សនោះឡើយ៕ បឹុម ពិន


ចែករំលែក៖