ខេត្តកណ្ដាល៖ ស្រ្ដីម្នាក់ ដែលគេបានស្គាល់ជាមនុស្សតែងផឹកស្រាជាប្រចាំ និងមានស្មារតីមិនគ្រប់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើដីខាងជើងផ្ទះពលរដ្ឋមួយកន្លែង ដោយសង្ស័យថាជាករណីខ្យល់គរ ។
ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកមុខកំពូលបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ ចាន់ថា ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់មិនប្រាកដ (នៅតាមផ្លូវ និងវត្តអារាមមាននជំងឺសរសៃប្រសាទ) ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ពលរដ្ឋជិតខាងបានឲ្យដឹងថា ស្រ្ដីរងគ្រោះគឺជាមនុស្សមានជំងឺសរសៃប្រសាទ និងតែងផឹកស្រាជាប្រចាំ ហើយស្រ្ដីរងគ្រោះតែងតែដេកតាមផ្លូវ និងតាមវត្ដអារាមនានាផងដែរ ។ នៅមុនពេលកើតហេតុ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានឃើញស្រ្ដីរងគ្រោះដើរតាមបណ្ដោយផ្លូវ ក្នុងទិសដៅពីជើងមកត្បូងតែម្នាក់ឯង រួចបានឈប់នៅខាងមុខផ្ទះរបស់ឈ្មោះ លី ផល រួចវង្វេងដោះខោអាវចេញពីខ្លួន រួចហើយស្លៀកពាក់ខ្លួនឯងវិញ ហើយប្រជាពលរដ្ឋដែលនៅក្បែនោះបានយកបាយមកឲ្យហូប រួចក៏នាំស្រ្ដីរងគ្រោះដើរឆ្លងផ្លូវមកកើតអង្គុយនៅកន្លែងកើតហេតុ។
លុះមកដល់វេលាម៉ោងប្រមាណ១៧ ថ្ងៃខែឆ្នាំដដែល កុមារីឈ្មោះ ផន ស្រីខូច បានឃើញជនរងគ្រោះអង្គុយនៅខាងជើងផ្ទះ ឈ្មោះ ស៊ឹម ប៊ុង តែម្នាក់ឯងមានសភាពហត់ៗ រួចបានទៅប្រាប់ជីដូនខ្លួន ភ្លាមនោះជីដូនខ្លួនបានប្រើអោយចៅឈ្មោះ ផន ស្រីខួច ដួសបាយអោយស្រ្ដីរងគ្រោះហួប តែស្រ្ដីរងគ្រោះមិនហូបទេ ហើយឈ្មោះ ផន ស្រីខួច បានត្រឡប់មកផ្ទះវិញ ។ លុះព្រឹកឡើងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ប្រជាពលរដ្ឋឈ្មោះ ស៊ឹម ឆាន បានក្រោកពីដេកហើយដើរមកលើផ្លូវ ស្រាប់តែឃើញស្រ្ដីរងគ្រោះខាងលើដេកនៅលើដី រួចដើរមកជិតស្រាប់តែស្រ្ដីរងគ្រោះបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ រួចក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីធ្វើការពិនិត្យ ។
ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏បន្ដរាយទៅនគរបាលជំនាញស្រុក ដើម្បីចុះមកធ្វើការពិនិត្យសាកសពស្រ្ដីរងគ្រោះ ។ ក្រោយពីពិនិត្យរួច កម្លាំងនគរបាលជំនាញបញ្ជាក់ថា ស្រ្ដីរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរ ។ បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពស្រ្ដីរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ