ខេត្តបន្ទាយមានជ័យ៖ សារមន្ទីរ ខេត្តបន្ទាយមានជ័យដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ វេទិកាខេត្ត សួនមានជ័យ ក្រុងសិរីសោភ័ណ នៅពេលបច្ចុប្បន្នត្រូវគេមើល ឃើញថា កំពុងទាក់ ទាញ ភ្ញៀវទេស ចរជាតិ និងអន្តរជាតិ មក ទស្សនាកម្សាន្ត និងស្វែង យល់អំពីវប្បធម៌ប្រពៃណីប្រវត្តិសាស្រ្តខ្មែរតាមរយៈវត្ថុបុរាណ ក្នុងមួយ ១ខែយ៉ាងហោចណាស់ មានភ្ញៀវទេសចរមកកម្សាន្តពី២០០នាក់ ទៅ៣០០នាក់ ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិត្រូវគេមើល ឃើញថាបាន ចាប់អារម្មណ៍ ទស្សនាគ្រោង ឆ្អឹងសាកសពបុរាណនៃបុព្វបុរសខ្មែរ ដែលគេចាត់ទុក ថាជាសពខ្មែរបុរាណបន្សល់ទុកបានយូរបំផុតក្នុងអាយុកាល២៥០០ឆ្នាំមុននៃគ្រឹះសករាជ។ភ្ញៀវទេសចរចាប់អាមរម្មណ៍ភ្ញាក់ផ្អើលត្រង់ថាសពខ្មែរបុរាណជំនាន់នោះមានគ្រោងឆ្អឹងធំៗខុសប្លែងពីជនជាតិខ្មែរបច្ចុប្បន្ន និងប្លែកថែមទៀតសាកសពបំពាក់នូវ គ្រឿង អលង្ការដូចជា ខ្សែដៃ ខ្សែជើង ជញ្ចៀន ធ្វើពីឡត អង្កាំ និងគ្រឿង សម្ភារប្រើប្រាស់ ដូចជាមាស ប្រាក់មួយចំនួនទៀតរបស់សពដែលស្លាប់ ទៅហើយ ត្រូវគេកប់ ទៅជាមួយមានអាយុកាល រាប់ពាន់ឆ្នាំមិន បាត់បង់រក្សារ ហូតមកដល់បច្ចុប្បន្ននេះ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំង កួយ បានប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩ ឱ្យដឹង ថាសារមន្ទីរ ខេត្តបន្ទាយមានជ័យក្រៅពីគ្រោងឆ្អឹង សពបុរាណខ្មែរ ២គ្រោងឆ្អឹង ក្នុងនោះក៏មានវត្ថុបុរាណមានតម្លៃជាប្រវត្តិសាស្រ្តមានចំនួន២០៩៦ដុំ និងរូប។ កសាងពីថ្ម, លោហៈធាតុ, កូល្លាពាជន៍ និងឈើ ដែលត្រូវបាន មន្រ្តីមន្ទីរ វប្បធម៌ ខេត្តបន្ទាយមានជ័យប្រមូលយកមក អភិរក្ស រក្សាទុក្ខក្នុងសារមន្ទីរ ខេត្តបន្ទាយ មានជ័យ ដើម្បីដាក់បង្ហាញជូនភ្ញៀវទេសចរមកទស្សនាកម្សាន្ត និងក៏ដើម្បី ឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ច្បាស់អំពីប្រពៃណី វប្បធម៌ខ្មែរដែលជាកេរ តំណែលរបស់បុព្វបុរស ខ្មែរបន្សល់ទុកសម័យអតីតកាល រហូត ដល់បច្ចុប្បន្ន ។
លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ លោក យង់ តាំង កួយ ក៏បានបង្ហាញប្រាប់ឱ្យដឹងទៀតថា ក្នុងចំណោមវត្ថុរាណនានា នៅក្នុងសារមន្ទីរ គឺភាគច្រើនភ្ញៀវទេសចរចាប់អារម្មណ៍ទស្សនាជាងគេនូវ គ្រោងឆ្អឹងសាកសពខ្មែរបុរាណចំនួន២គ្រោងឆ្អឹង ដែលយកពីភូមិសុភី ឃុំសុភី ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យដែលគេចាត់ទុកជាភូមិខ្មែរ បុរាណរស់ នៅ ទីនោះ។គ្រោងឆ្អឹង ទាំង២ បើតាមអ្នកជំនាញឯកទេសវិភាគឱ្យដឹងថាគឺជា គ្រោង ឆ្អឹងមនុស្សប្រុសជំទង់ និងគ្រោងឆ្អឹងមនុស្សស្រី ជំទង់ដែលគេសំគាល់ត្រង់ថា សពមនុស្ស ស្រីជំទង់ពាក់កងដៃ កងជើង និងក្រវិលចំណែកសព មនុស្សប្រុស ជំទង់គឺពាក់តែកងដៃប៉ុណ្ណោះ។
លោកប្រធាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យប្រាប់ឱ្យ ដឹងទៀតថាវត្ថុបុរាណទាំងនោះ គឺទទួលបានពីប្រជាពលរដ្ឋ សមត្ថកិច្ច បង្រ្កាប បាន យកមកប្រគល់ឱ្យមន្ទីរវប្បធម៌រក្សាទុកក្នុងសារមន្ទីរ ខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមវត្ថុរាណទាំងនោះមានវត្ថុបុរាណមួយចំនួនត្រូវបានប្រជាពលរដ្ឋខ្មែរ នៅមានជំនឿជឿជាក់ថាមានបារមីសក្តិសិទ្ធ ដូចជាវត្ថុបុរាណ ថ្មអណ្តែតទឹក ជាដើម។មិនតែប៉ុណ្ណោះមានវត្ថុបុរាណមួយចំនួនទៀត ដែលប្រជាជនមាន អប៉ិយជំនឿថាមានដួងព្រលឹងថែរក្សា ដាក់នៅក្នុងផ្ទះ គ្មានសេចក្តីសុខ ជាពិសេសពួកកត់សំគាល់ ធ្វើឱ្យសមាជិកគ្រួសារស្លាប់ បង្ខំពួក គាត់យក វត្ថុបុរាណទាំងនោះ មកប្រគល់ឱ្យព្រះសង្ឃក្នុងវត្ត ហើយ ព្រះសង្ឃក៏ បានបន្តយក មកប្រគល់ឱ្យមន្រ្តីជំនាញ រក្សាទុកក្នុងសារមន្ទីរដើម្បីថែរក្សា។
សូមបញ្ជាក់ថា សារមន្ទីរ ខេត្តបន្ទាយមានជ័យ នៅពេលបច្ចុប្បន្ននេះ ត្រូវគេមើលឃើញថា អ្នកខេត្តបន្ទាយមានជ័យភាគច្រើនពុំទាន់ចាប់អារម្មណ៍ នាំគ្នាមកមើលទស្សនាស្វែងយល់ពីវត្ថុបុរាណរបស់បុព្វបុរសខ្មែរបន្សល់ទុកពីអតីតកាលនៅឡើយនោះទេ ។ពួកគាត់ខ្លះ មិនបានដឹង ថានៅខេត្តបន្ទាយ មានជ័យ មានសារមន្ទីរ រក្សាទុក វត្ថុបុរាណ ដោយសារមិនទាន់ មានការផ្សព្វផ្សាយ ព័ត៌មានឱ្យបានទូលំទូលាយ។បច្ចុប្បន្នបែរជាគេសង្កេតឃើញភាគច្រើនមានភ្ញៀវទេសចរជាតិមកពីបណ្តាខេត្តផ្សេងៗមកមើលទស្សនា និងភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យទៅលេងខេត្តសៀមរាបអង្គរ ក៏បាន ឈានចូលមើលទស្សនា វត្ថុបុរាណណក្នុងសារមន្ទីរ ខេត្តបន្ទាយ មានជ័យ។ សារមន្ទីរខេត្តបន្ទាយមានជ័យបើកឱ្យភ្ញៀវទេសចរចូលមើលកម្សាន្តដោយឥតគិតថ្លៃសេវារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រ ៕ សំ វិច្ឆិកា