ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ និងអ្នកភូមិំគ្នាប្រញាប់ប្រញាល់ជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈបុរសម្នាក់ មកជួសជុលធ្វើសាលាឆាន់នៅវត្តរាមជោ មិនប្រយត្ន័ ប៉ះចំកន្លែងខ្សែភ្លើងរហែកបណ្តាលឲ្យឆក់ស្លាប់តែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុច វត្តរាមជោ ស្ថិតក្នុងភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើយោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើងអគ្គិសនីឆក់ស្លាប់នោះ មានឈ្មោះ ស ប៊ុននី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលច្រេស ឃំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ជាជាងឈើបានមកធ្វើសាលាឆាន់នៅវត្តរាមជោ ភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ។
ប្រភពបានបន្តទៀតថា មុនកើតហេតុបុរសខាងលើ ខណៈដែលកំពុងធ្វើការនោះស្រាប់តែម៉ូទ័រខូច ហើយក៏ដោះជួសជុល តែអកុសលប៉ះចំកន្លែងខ្សែភ្លើងដាច់បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុ និងបានប្រគល់សពឲ្យក្រុមគ្រូសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន