ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនប្រកាន់ស្ដាំ បុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ បានរងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមិនប្រកាន់ស្ដាំ បុកជាមួយម៉ូតូបញ្ច្រាសគ្នា យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃទី១៤ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីយប់ នៅលើផ្លូវជាតិលខ១ ចន្លោះគីឡូម៉ែត្រលេខ១៦១ លេខ១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះផន លីហ៊ាង អាយុ១៩ឆ្នាំ មុខរបរសំណង់ មានទីលំនៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ មិន ឆានី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសំណង់ រស់នៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ ទឹកប៉ិច ពាក់ស្លាកលេខ ស្វាយរៀង 1H.7654 ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយបង្កហេតុបានរត់គេចខ្លួន បន្សល់រថយន្តមួយគ្រឿងម៉ាក ស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-7370 នៅនឹងកន្លែង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ ទឹកប៉ិចធ្វើដំណើរពីលិចមកកើត ខណៈនោះស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ បើកទិសដៅបញ្ច្រាសគ្នា មិនប្រកាន់ស្ដាំ ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន អ្នករងរបួសត្រូវបានក្រុមគ្រួសារបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកវត្ថុតាងរថយន្ត និងម៉ូតូសមត្ថកិច្ចវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖