ភ្នំពេញ ៖ ជនសង្ស័យដៃស្អិត២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិនមិនបានសម្រេច ហើយបន្ថែមល្បឿនបម្រុងជិះរត់គេចខ្លួន បណ្ដាលឲ្យដួលម៉ូតូ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ដែលល្បាតនៅជិតនោះ ក្របួចជាប់ទាំងពីរយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ចាត់ការបន្តដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវចំហៀងទូតរុស្សី (ផ្លូវ78) កែងនឹងផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ជនសង្ស័យទី១ ឈ្មោះ ទេព មេត្តា ហៅប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ធានសំណង់កោះពេជ្រ ជាអ្នកបើកម៉ូតូធ្វើសកម្មភាពហើយក៏ជាម្ចាស់ម៉ូតូម៉ាក ស៊ុយសុគីស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១I-៧៤៥៦ ។ ចំណែកជនសង្ស័យទី២ ឈ្មោះ ប៉ក់ ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់កោះពេជ្រជាមួយគ្នា ជាអ្នកអង្គុយពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានបុរសជនជាតិចិនម្នាក់បានដើរតាមបណ្ដោយផ្លូវ៧៨ ទិសដៅពីលិចទៅកើតដោយបានកាន់ទូរស័ព្ទនិយាយខណៈនោះក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីស្មាសវី ពណ៌ខ្មៅ បើកដោយជនសង្ស័យឈ្មោះ ទេព មេត្តា ហៅប្រុស បានជិះមកពីក្រោយឈ្មោះ ប៉ក់ ពៅ ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Gionee ពណ៌ទឹកប្រាក់ ពីជនរងគ្រោះតែមិនបានសម្រេច បណ្តាលឲ្យធ្លាក់បែកកញ្ចក់អេក្រង់ ហើយជនសង្ស័យបានបន្ថែមល្បឿនព្យាយាមជិះរត់គេចខ្លួនក៏ត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមន ដែលកំពុងល្បាតក្នុងមូលដ្ឋានប្រទះឃើញ ក៏ធ្វើការប្រដេញតាមដល់ផ្លូវសបិត ជនសង្ស័យភ័យដួលម៉តូក៏ក្របួចជាប់បានទាំងពីរតែម្ដង ។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួនរួមទាំងម៉ូតូធ្វើសកម្មភាពយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី ចំណែកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងដែរ ៕ ធឿនព្រែកជ័យ