ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនអនាថាម្នាក់ត្រូវបានរថភ្លើងបុក និងកិនបណ្តាលឲ្យបាត់បង់ជីវិតនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់ ត្រូវបានរថភ្លើងបុក និងកិនបណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនអនាថាខាងលើ បានឈរនៅលើផ្លូវរថភ្លើង ខណៈពេលនោះ ស្រាប់តែមានរថភ្លើង មួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានចុចស៊ីផ្លេ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅនឹងកន្លែងកើតហេតុបានស្រែកហៅបុរសជាជនអនាថានោះ។ ក្រោយមកបុរសជាជនអនាថាក៏បានដើរចេញបានបន្តិច ស្រាប់តែរត់ចូលទៅក្នុងភ្លើងបណ្តាលឲ្យបុកនឹងកិនស្លាប់យ៉ាងអាណោចអាធ័ម ដោយអូសចំងាយប្រហែលជា ២០ម៉ែត្រពីកន្លែង។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងអនុញ្ញាតឲ្យរថភ្លើងដឹកភ្ញៀវចូលទៅកាន់ព្រលានយន្តហោះ។ ចំណែកឯសាកសពរបស់ជនរងគ្រោះខាងលើត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរង់ចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ស រស្មី


ចែករំលែក៖