ព័ត៌មានទាន់ហេតុការណ៍៖

លោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អសមត្ថភាពក្នុងការគ្រប់គ្រង ជំនាញរបស់ខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញជីកដីលក់ មានរណ្ដៅជ្រៅចាល់ក្បាលប្រេត រាប់សិបកន្លែងក្នុងខេត្តសៀមរាប និងមានទំហំធំប៉ុនមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់ភូមិបាល ខុសទៅច្បាប់រ៉ែ ថាមពល យ៉ាងគឃ្លើន បែរជាលោក ជូរ៉ាម៉ី ប្រធានមន្ទីររ៉ែ ថាមពល ខេត្តសៀមរាប អង្គុយ តែក្នុងការិយាល័យ មិនព្រះចុះទៅពិនិត្យដល់ទីតាំងនោះទេ បណ្ដោយឲ្យឈ្មួញជីកដី មានជំរៅជ្រៅតាមតែទំនើងចិត្ត មិនខុសពីសម្ដេច បានលើកក្នុងអង្គប្រជុំថា ជាមន្រ្ដីជើង១០ អង្គុយចាំទទួលតែរបាយការណ៍ភូតភរ ពីមន្រ្ដីគ្រាប់ល្ពៅ និងខ្លាចប៉ះកំដៅថ្ងៃ ។

ជាក់ស្ដែង រណ្ដៅដីគ្មានច្បាប់អនុញ្ញាត មួយកន្លែង ជារបស់ មា្ចស់ឈ្មោះ ចំរើន ស្ថិតនៅ ភូមិគោកដូង ឃុំគោកដូង ស្រុកពួក ខេត្តសៀមរាប កំពុងតែជីកដីមានជំរៅជ្រៅ និងដឹកជញ្ជូនយ៉ាងសកម្ម រាប់រយឡានក្នុង១ថ្ងៃៗ ធ្វើឲ្យដីហ៊ុយប៉ះពាលដល់សុខភាពពលរដ្នទៀតផង ទោះបីក្រុមឈ្មួញលក់ដីខំស្រោចទឹកយ៉ាងណាក៏ដោយ ក៏នៅតែហុយចូលក្នុងផ្ទះប្រឡាក់ខោអាវដល់ក្នុងទូ និងហុយស្ទើរតែពិសាបាយមិនកើត ។

យោងតាមប្រភពពីប្រជាពលរដ្នដែលរស់នៅក្នុងភូមិជាប់នឹងរណ្តៅដី មានការព្រួយបារម្ភ ពីសត្វគោ ក្របីដែលនៅជិតរណ្ដៅដីនេះណាស់ ព្រោះវាមានជម្រៅជ្រៅហួសហេតុពេក រហូតដល់ជាងដប់ម៉ែត្រឯណោះ ។

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានគ្រឿងចក្រចំនួន២គ្រឿង កំពុងធ្វើសកម្មភាព មិនឃើញមន្រ្ដីជំនាញចុះមកទប់ស្កាត់នោះទេ ។

លោក ជូ រ៉ាមី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាបបានឆ្លើយតបតាមទូរស័ព្ឌមកវិញថា រឿងគ្រឿងចក្ររបស់ឈ្មួញឈ្មោះ ចំរើន ខាងលើនេះ លោកពិតជាមិនបានដឹងទេ ចាំលោកឲ្យជំនាញខាងលោកចុះទៅពិនិត្យមើលសិន ។ លោកបន្ដថា រឿងគ្រឿងចក្រខាងលើនេះ គឺលោកមិនបណ្តោយឲ្យធ្វើអាជីវកម្មជាដាច់ខាត ថ្វីដ្បិតតែបានស្នើសុំច្បាប់អនុញ្ញាត ក៏ដោយ តែលោក ចំរើន មិនទាន់មានច្បាប់អនុញ្ញាតផង បែរជាហ៊ានធ្វើអាជីវកម្មជីករណ្តៅដីលក់ពេញក្រុងសៀមរាប ដែលមិនខ្លាចជំនាញអីបន្តិចណាសោះ ។

តែសំដីដោយគ្មានការទទួលខុសត្រូវនេះ ពលរដ្នយល់ថា នេះជាសម្ដី ដែលលោកប្រធានមន្ទីរ រ៉ែ ថាមពលខេត្តសៀមរាប តែងតែយកមកប្រើជាលេស យករួចខ្លួន តែធាតុពិត គ្មានឈ្មួញណាថ្លើមធំហ៊ានរំលង លោក ជូរ៉ាម៉ី នោះទេ។

លោក ស៊ីន ចាន់ថុល អភិបាលរងស្រុកពួក បានប្រាប់ថា គ្រឿងចក្រខាងលើនេះ បានដាក់សុំច្បាប់ទៅច្រកចេញចូលតែមួយរបស់សាលាខេត្តដែរ តែមិនទាន់បានច្បាប់នៅឡើយនោះទេ ។

ពលរដ្នទន្ទឹងចាំមើលលោក ជូរ៉ា មី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប តើមានចំណាត់ការយ៉ាងមិច ចំពោះឈ្មួញដីដែលហ៊ានបំពាន់ច្បាប់បែបនេះ ឬមួយបានត្រូវតែនិយាយចោល ? ៕ ប៊ុនរិទ្ធី


ចែករំលែក៖