ភ្នំពេញ៖ អតីតតារាសម្តែងកញ្ញា ថាច ផល្លា ដែលរស់នៅសហរដ្ឋអាមេរិក និងតារាចម្រៀង សន វិជ្ជបុត្រ ស្រាប់តែលេចមុខក្នុងការចែកទានជាថ្មីដល់ចាស់ជរា និងក្មេងៗក្រីក្រនៅតំបន់ភ្នំតាម៉ៅ ។ លេចមុខនេះគឺកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១៩នេះក្រោយពីអវត្តមានពួកគេជាច្រើនខែមកហើយក្នុងកិច្ចការមនុស្សធម៌។
សន វិជ្ជបុត្រ និងថាច ផល្លា បានបង្ហាញមុខជាថ្មីនៅលើទឹកដីនៃតំបន់រម្មណីយដ្ឋានភ្នំតាម៉ៅ ដើម្បីចែកទាន ជាអាហារ ភេសជ្ជៈ និងថវិការទៅដល់ជនក្រីក្រ កុមារៗ និងប្រគេនជូនទេយទានដល់ព្រះសង្ឃនិងយាយជី តាជីនៅតំបន់នោះផងដែរ។ កញ្ញា ថាច់ ផល្លា បានបញ្ជាក់ថា នាងបានមកលេងប្រទេសកម្ពុជាប្រមាណ៤ខែមកហើយ ហើយនាងគ្រោងនឹងវិលត្រឡប់ទៅវិញនៅចុងខែកុម្ភៈនេះ។
នាងបន្តថា ការប្រគេន និងចែកទាននៅថ្ងៃពេលនេះគឺស្រប ថ្ងៃខួបកំណើតរបស់នាងកាលពីថ្ងៃទី១៤ខែកុម្ភៈផងដែរ។ នាងថាចង់ធ្វើរឿងល្អៗដើម្បីជាការចងចាំថ្ងៃពិសេសនេះ និងមុនពេលនាងត្រឡប់ទៅសហរដ្ឋអាមេរិកវិញចុងខែកុម្ភៈនេះ។ អតីតតារាសម្តែងរូបនេះបញ្ជាក់ថា នាងមិនមានគម្រោងវិលរកការសម្តែងដែលនាងធ្លាប់ធ្វើខ្លះៗពីមុនមកទេ គឺមកស្រុកខ្មែរដើម្បីកម្សាន្តតែប៉ុណ្ណោះហើយក៏ឆ្លៀតធ្វើរឿងល្អៗខ្លះដើម្បីជាបុណ្យកុសល និងការតាំងចិត្តឲ្យបានជ្រះថ្លា ហើយនាងពិតជាសប្បាយចិត្តដែលបានមកធ្វើកម្មវិធីនេះដោយផ្ទាល់ដៃ។
អតីតតារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ ដែលបានចូលរួមការចែកទាននេះបានបញ្ជាក់ថា លោកបាត់មុខជាច្រើនខែជាមួយនឹងការងារសប្បុរសធម៌ព្រោះតែមមាញឹកនឹងការងាររកស៊ី ហើយសូម្បីការងារសិល្បៈក៏មិនមានពេលប្រឡូកនោះដែរ។ លោកថានេះគឺជាលើកទី២ហើយដែលលោកបានមកចែកទាននៅទីនេះដែលលោកនិងសិល្បករជាច្រើនធ្លាប់បានរៀបចំកម្មវិធីស្រដៀងគ្នានេះកាលពីប៉ុន្មានឆ្នាំមុន។
លោកថាអ្វីដែលប្រគល់ជូនពួកគាត់នៅពេលនេះមានប្រមាណជិត២០០កញ្ចប់ដែលមានទាំងអាហារ ភេសជ្ជៈ ក្រមា និងថវិកាមួយចំនួន។ លោកថាទោះរវល់ខ្លាំងក៏លោកត្រូវតែឆ្លៀតពេលខ្លះដើម្បីរៀបចំកម្មវិធីបែបនេះ ហើយលោកបានសម្តែងអារម្មណ៍សប្បាយចិត្តក្រោយពីបានសង្កេតឃើញពីការឈឺឆ្អាលចូលរួមសកម្មភាពមនុស្សធម៌កាន់តែច្រើនបន្តបន្ទាប់ពីសំណាក់សប្បុរសជននានាដែលឆ្លុះបញ្ចាំងពីការចេះចែករំលែក កសាងអំពើល្អៗក្នុងសង្គមផងដែរ។
ក្រៅពីការងារសប្បុរសធម៌តិចតួចនេះលោកក៏មានគម្រោងក្នុងការចូលរួមសកម្មភាពសង្គមមួយចំនួនទៀតដែលលោកនឹងបញ្ជាក់ជូននៅពេលក្រោយ។ លោកក៏បានសរសើរពីទឹកចិត្តរបស់កញ្ញា ថាច់ ផល្លាដែលបានចែករំលែកពេលវេលា ថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លៀតរៀបចំការងារមនុស្សធម៌ខ្លះៗនេះឡើង បើទោះបីជានាងធំធាត់នៅលើទឹកដីនៃសហរដ្ឋអាមេរិកក្តី ៕ វឌ្ឍនា