ព័ត៌មានទាន់ហេតុការណ៍៖

នាយពាក់មី បញ្ចេញស្នាដៃអប់រំខ្លាំង និងទម្លាយរឿងពិត នៃវីដេអូខ្ញុង និងហេង ចន្ថា

ចែករំលែក៖

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ វីដេអូខ្លីៗរបស់តារាសម្តែង និងកំប្លែង ខ្ញុង និងកញ្ញា ហេង ចន្ថាបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ ចាប់អារម្មណ៍ព្រោះតែវីដេអូនេះរៀបរាប់អំពីរឿងរ៉ាវដ៏ចម្រូងចម្រាស់ នៃវិបត្តិគ្រួសារ ព្រោះប្តីមានស្រីក្រៅផ្ទះ ។

ប្រធានបទនៃការលួចមានស្រីញី ខាងក្រៅរបស់ប្តីកំពូលល្បិច នៅតែជាចំណាប់អារម្មណ៍ របស់មហាជន ពិសេសក្រោយពេលសង្គមកាន់តែវិវឌ្ឍន៍ឈានឡើង និងក្រោយពេលមនុស្សកាន់តែមានគំនិតស្វែងរកការសប្បាយប្លែកៗ និងទំនោរទៅលើសម្ភារៈនិយមកាន់តែខ្លាំង ។

វីដេអូជាងមួយនាទីរបស់នាងខ្ញុង ដែលរៀបរាប់អំពីទុក្ខវេទនាផ្លូវចិត្ត ផ្លូវកាយ និងផ្លូវសេដ្ឋកិច្ចរបស់ប្រពន្ធដើម ត្រូវប្តីកំពូលល្បិចលួចលាក់ និងទំនុកបម្រុង ស្រីខាងក្រៅ បានចាក់ចំណុចរសើបរហូតមានការយល់ច្រឡំថាជារឿងពិតរបស់តារាកំប្លែងខ្ញុង ។

មិនបានប៉ុន្មានផង អតីតកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ កញ្ញា ហេង ចន្ថា ត្រូវបានបញ្ចេញដើម្បីតបតទៅនឹងការរិះគន់វាយប្រហារដោយពាក្យសម្តីធ្ងន់មកលើប្រពន្ធចុង ឬស្រីកំណាន់ ។

ហេង ចន្ថា បានលើកឡើងថា នាងមិនទទួលយកពាក្យជេប្រមាថ និចោទប្រកាន់ខណៈ ដែលនាងក៏ជានារី ដែលរងគ្រោះព្រោះចាញ់ពាក្យលួងលោមរបស់បុរសសម្តីផ្អែម និងកុហក់បោកបញ្ឆោត រហូតបង់ទាំងចិត្ត និងខ្លួនប្រាណ ។

ចំណងស្នេហ៍ត្រីកោណ ដែលកំពុងធ្វើឲ្យមានការខ្វែងគំនិតគ្នាខ្លាំងក្នុងចង្កោមមហាជននេះ ក៏ត្រូវបានលាតត្រដាងបង្ហាញក្រោយពីតារាកំប្លែងនាយ ពែកមី និង បានបញ្ចេញវីដេអូសារលាតត្រដាងអំពីកំហុស និងផ្ញើសារសុំទោសទៅកាន់ភរិយា និងស្រីកំណាន់ ។

គួរបញ្ជាក់ដែរថាភាពយន្តមនោសញ្ចេតនាស៊ីជម្រៅ ពោរពេញដោយខ្លឹមសារអប់រំខ្លាំងរឿង “លោកប្តី” ជាភាពយន្តថ្មី ដែលត្រូវបានដឹកនាំសម្តែង ដោយតារាកំប្លែងនាយពែកមី ។

តារារូបនេះបានលើកយកបញ្ហាសង្គមពិត ដែលកំពុងប្រឈមរឿងស្នេហាត្រីកោណ និងជ្រុងជាច្រើន ដែលគ្រួសារនៃសង្គមបច្ចុប្បន្នមកចោទ និងដោះស្រាយ ។

ភាពយន្តនេះនឹងត្រូវលើកយកមកចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះតទៅ៕ វឌ្ឍនា


ចែករំលែក៖