ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងសកម្មភាពបន្តរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគន៍ និងក្រុមហ៊ុនសុភកិ្តនីកា អ៊ីនវេសមេន គ្រុបខូអិលធីឌី (ចំការកៅស៊ូជុប) ជាមួយកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៤១ ក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ពិធីនេះមានវត្តមានចូលរួមពីសំណាក់ លោក លោកស្រី អ្នកឧកញ៉ា ថ្នាក់ដឹកនាំ មន្ត្រីរាជការមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គភាពក្រោមឱវាទ ភ្ញៀវកិត្តិយសជាតំណាងប្រតិបត្តិករផ្តល់សេវាប្រៃសណីយ៍ ទូរគមនាគមន៍ និងពីសំណាក់ លោកសេនីយ៍ទោ នាយទាហាន នាយទាហានរង ពលទាហាន និងបងប្អូនក្រុមគ្រួសារកងទ័ពយ៉ាងច្រើនកុះករផងដែរ ។
ក្នុងបរិយាកាសដ៏រីករាយនេះ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក បានពាំនាំនូវក្តីនឹករលឹកនិងការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកំពូលៗ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជាប់ជានិច្ច មិនថា កាលៈទេសៈណាក៏ដោយ។ ហេីយលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការលះបង់ដ៏ធំធេងរបស់បងប្អូនយុទ្ធជនដើម្បីបុព្វហេតុជាតិមាតុភូមិ ការខិតខំកាពារបានបូរណភាពទឹកដីជាប្រចាំនៅតំបន់តាម បន្ទាត់ព្រំដែននេះ គោរពតាមការចាត់តាំងបានល្អរៀងរហូតមក ការចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ និងរួមគ្នាប្រឆាំងជាដាច់ខាត នូវរាល់អំពើនិងសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាពនាំប្រទេសដើរឆ្ពោះទៅរកអស្ថិរភាពនិងអសន្តិសុខ។ លេីសពីនេះ លោករដ្ឋមន្ត្រីបានសន្យាថា ចំណងសម្ព័ន្ឋមេត្រីភាពនេះ រឹតតែត្រូវបានពង្រឹងឲ្យកាន់តែល្អឡើង រួមជាមួយនឹងការបន្តខិតខំព្យាយាមកៀរគរស្វែងរកការឧបត្ថម្ភ ពីប្រភពសប្បុរសជននានាសម្រាប់បំពេញការខ្វះខាត និងតម្រូវការរបស់បងប្អូនយុទ្ធជន ។
នៅចុងបញ្ចប់នៃពិធី លោករដ្ឋមន្ត្រី និងប្រតិភូអមដំណើរបាននាំយកគ្រឿងឧបភោគ/បរិភោគ ព្រមទាំងថវិកាមួយចំនួនដែលបានមកពីការចូលរួមឧបត្ថម្ភពីសំណាក់អង្គភាពក្រោមឱវាទក្រសួងនិងក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព និងអង្គភាពកងពលតូចថ្មើរជើងលេខ ៤១៕ សុខ ខេមរា