ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងទន្ទឹម ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ភ្នំលុងដោយសេរី ធ្វើឲ្យធនធានរ៉ែមាសត្រូវប្រឈមនឹងសេចក្ដីវិនាសយ៉ាងឆាប់រហ័ស។ ចំណែកលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យក្រុមហ៊ុនទាំងនោះធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់យ៉ាងគឃ្លើន ។ ជាងនេះទៅទៀតប្រជាពលរដ្ឋបានលើកឡើងថា ការបង្ក្រាបរបស់សមត្ថកិច្ចពាក់ព័ន្ធនាពេលកន្លងមកបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្នុងឃុំរម្យទម បានឲ្យដឹងថា ករណីសមត្ថកិច្ចបង្ក្រាបអាជីវកម្មរ៉ែមាសនៅតំបន់ភ្នំលុង កាលពីពេលថ្មីៗនេះគឺជារឿងឥតន័យព្រោះសមត្ថកិច្ចមិនបានអនុវត្តន៍ប្រកបដោយតម្លាភាពឡើយ។ ប្រជាពលរដ្ឋបានលើកឡើងថា ក្រុមហ៊ុនធំៗដែលមានខ្នងបង្អែក គឺមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឡើយ។ ប្រភពបានបញ្ជាក់ថា ថ្មីៗនេះសមត្ថកិច្ចបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាស២កន្លែងដែលធ្វើអាជីវកម្មខុសច្បាប់៤ឆ្នាំមកហើយ ប៉ុន្តែម្ចាស់ទីតាំងអាជីវកម្មរ៉ែមាសទាំងនោះអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។
ប្រភពពីមន្ត្រីអាជ្ញាធរក្នុងឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនធំៗដែលមានម្ចាស់ជាឧកញ៉ា និងលោកជំទាវ មានខ្នងបង្អែករឹងមាំកំពុងបន្តធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នៅក្នុងតំបន់ភ្នំលុង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ទេនោះគឺគ្មានឈ្មួញណា ក្រុមហ៊ុនណា ហ៊ានធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ភ្នំលុង យ៉ាងមហន្តរាយដូចសព្វថ្ងៃនេះឡើយ ៕