ឈ្មួញនៅតែបន្តប្រមូលទិញឈើគ្រញូង និងដឹកឈើគ្រញូងចេញពីខេត្តឧត្តរមានជ័យយ៉ាងគគ្រឹកគគ្រេង ហើយគេមិនដែលឃើញលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបង្ក្រាបម្តងណាឡើយ ផ្ទុយទៅវិញ មានតែមន្ត្រីកងរាជអាវុធហត្ថប្រចាំនៅមូលដ្ឋានខាងលើ(ខេត្តឧត្តរមានជ័យ) តែប៉ុណ្ណោះដែលបង្ក្រាបជំនួសពួកមេព្រៃ ។ ហេតុដូច្នេះហើយបានជាគេឃើញពលរដ្ឋខ្មែរនៅបន្តរងគ្រោះ ដោយការផ្សងប្រថុយគ្រោះថ្នាក់ចូលទឹកដីថៃដើម្បីលួចកាប់ឈើប្រណីត ។ ករណីនៃការចូលទឹកដីរបស់ពលរដ្ឋខ្មែរ មិនមែនជាភារកិច្ចទប់ស្កាត់របស់មេព្រៃនោះទេ ។ ប៉ុន្តែការដែលមេព្រៃអនុញ្ញាតឲ្យមានជំនួញជួញដូរព្រៃឈើ គឹជាការរួមចំណែកជំរុញឲ្យពលរដ្ឋខ្មែរចូលព្រៃក្នុងទឹកដីថៃ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅតែមានពលរដ្ឋខ្មែរចូលទឹកដីថៃ ដើម្បីចូលកាប់ឈើគ្រញូងជារៀងរាល់ថ្ងៃ ។ ពួកគេបានឈើយកមកលក់ឲ្យឈ្មួញល្បីឈ្មោះ ឈឿង សក្តិ ដែលជាអ្នកត្រូវដងត្រូវផ្លែជាមួយលោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ ។ មេព្រៃរូបនេះ មិនដែលខ្វល់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះឡើយ ។ សំខាន់គឺពួកឈ្មួញ ដែលរកស៊ី កាប់និងដឹកជញ្ជូនព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ផ្តល់លាភសក្ការឲ្យខ្លួន ។ ជាងនេះទៅទៀត គេក៏មិនដែលឃើញលោក កែវ អូម៉ាលិស្ស អគ្គនាយករដ្ឋបាលព្រៃឈើចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ ដែលអសកម្ម និងពុករលួយនោះម្តងណាឡើយ ជាពិសេស គឺលោក អ៊ឹម សាវរិទ្ធ នេះតែម្តង ។ ហេតុដូច្នេះហើយ បានជាបទល្មើសនៃការដឹកជញ្ជូន និងការចរាចរណ៍ឈើ នៅតែកើតមានជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីខេត្តឧត្តរមានជ័យ បានកើតមានឡើងជាចំហរ និងជារៀងរាល់ថ្ងៃ ។ ពួកឈ្មួញល្បីឈ្មោះ នៅតែឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញក្នុងការបើកផ្លូវឲ្យមានចរាចរណ៍នៃការដឹកជញ្ជូនឈើចេញពីខេត្តឧត្តរមានជ័យជារៀងរាល់ថ្ងៃ ។ ឈ្មួញទាំងតូច ទាំងធំ បាននិងកំពុងធ្វើសកម្មភាព ជាចំហរ ដោយពួកគេត្រូវរ៉ូវជាមួយសមត្ថកិច្ចរដ្ឋបាលព្រៃឈើរួចអស់ហើយ ។ លោក អ៊ឹម សាវរិទ្ធ ត្រូវពួកឈ្មួញរកស៊ីឈើនៅខេត្តឧត្តរមានជ័យ ផ្តល់លាភសក្ការទៅតាមទំហំនៃបទល្មើស ។ ហេតុដូច្នេះហើយ បានជាគេមិនដែលឃើញលោក អ៊ឹម សាវរិទ្ធ ចេញបង្ក្រាបបទល្មើសម្តងណាឡើយ ។ ជាងនេះទៅទៀត មេព្រៃទូទាំងប្រទេស ពោលគឺលោក កែវ អូម៉ាលិស្ស ក៏ផ្តេកផ្តួលក្នុងបញ្ហាផលប្រយោជន៍ជាមួយពួកមេព្រៃតាមបណ្តាខេត្តទាំងឡាយនោះដែរ ជាពិសេសគឺផ្តេកផ្តួលជាមួយលោក អ៊ឹម សាវរិទ្ធ តែម្តង ៕