គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកម្នាក់ទៀតបានស្លាប់ទាំងព្រឹក ក្រោមទម្ងន់កង់រថយន្តក្រឡកស៊ីម៉ង់ត៍ ដែលធ្វើចរាចរណ៍កណ្តាលរាជធានី ។ តាមច្បាប់ និងការដាស់តឿនជាញយៗ របស់អាជ្ញាធរមិនអនុញ្ញាតឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ធ្វើចរាចរណ៍លើផ្លូវសំខាន់ៗ កណ្តាលរាជធានីទាំងព្រឹកបែបដូច្នេះទេ ។ ដោយសារការមិនអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរ ទើបធ្វើឲ្យជីវិតគ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងផុយស្រួយដូចតៅហ៊ូ ។ អាជ្ញាធរក៏ដូចជាខាងក្រសួងអប់រំ បានត្រឹមចូលរួមចំណែកសោកស្តាយ ជាមួយគ្រួសារនៃសពគ្រូបង្រៀននោះតែប៉ុណ្ណោះ ។ តើបានអ្វីត្រឡប់មកវិញ? ជីវិតគ្រូបង្រៀនត្រូវស្លាប់ផុយៗ ក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍យ៉ាងដូច្នេះឬ?
ក្នុងនាមជាគ្រូបង្រៀនមួយរូប ខ្ញុំបាទបានត្រឹមចូលរួមសោកស្តាយជាមួយក្រុមគ្រួសារនៃសព ។ ប៉ុន្តែអ្វីដែលសោកស្តាយលើសនេះទៀតនោះ គឺច្បាប់ដែលមិនត្រូវបានអនុវត្តឲ្យខ្ជាប់ខ្ជួន ។ រថយន្តក្រឡុកស៊ីម៉ង់ត៍នៅតែ ធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេង មិនថា ទាំងពេលព្រលឹម ឬពេលព្រលប់ ក្រោយពេលសិស្សសាលា និងមន្ត្រីរាជការចេញពីសាលារៀន ឬកន្លែងធ្វើការនោះទេ ។ អ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍មិនអាសូរ និងមិនត្រាប្រណីចំពោះជនានុជន ដែលធ្វើដំណើរជាមួយគ្នានៅលើដងផ្លូវនោះឡើយ ។ យថាហេតុនៃគ្រោះថ្នាក់ខ្ពស់ណាស់ នៅពេលដែលអ្នកបើកបរម៉ូតូ ឬអ្នកជិះកង់ធ្វើដំណើរក្បែររថយន្តក្រឡកស៊ីម៉ង់ត៍ ។ មិនថា តែជីវិតពលរដ្ឋធម្មតា ឬគ្រូបង្រៀនមន្ត្រីរាជការនោះទេ នៅពេលដែលធ្វើដំណើរក្បែររថយន្តក្រឡុកស៊ីម៉ង់ត៍ គឺប្រឈមនឹងហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ ។ រឿងបែបនេះ នៅរាជធានីភ្នំពេញនៃយើងមិនមែនទើបកើតឡើងម្តងនោះទេ ។ ដោយសារតែកើតឡើងញឹកញាប់នោះហើយ ទើបអាជ្ញាធរហាមរថយន្តក្រឡុកស៊ីម៉ង់ត៍ធ្វើដំណើរកណ្តាលក្រុងទាំងព្រឹក ឬក្បាលព្រលប់ ។
ប៉ុន្តែបទបញ្ជានេះ មិនត្រូវបានអនុវត្តបន្តិចបន្តួចឡើយ ។ រថយន្តក្រឡុកស៊ីម៉ង់ត៍ធ្វើចរាចរណ៍នាំឲ្យមានគ្រោះថ្នាក់បណ្តាលឲ្យស្លាប់លោកគ្រូបង្រៀនម្នាក់ទាំងព្រឹកព្រលឹមគឺជាភស្តុតាង ។ អំណឹះតទៅ ត្រូវចាត់វិធានការច្បាប់ដែលមានស្រាប់ឲ្យមានប្រសិទ្ធភាព ទើបអាចរក្សាជីវិតគ្រូបង្រៀន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងទីក្រុងដ៏មមាញឹកមួយនេះបាន ។ បើមិនដូច្នោះទេ នឹងមានជីវិតមនុស្សច្រើនទៀតដែលត្រូវស្លាប់ក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍ មិនថា គ្រូបង្រៀន ឬពលរដ្ឋសាមញ្ញនោះឡើយ ។ ក្នុងនាមគ្រូបង្រៀនម្នាក់ ខ្ញុំបាទដេកភ័យមួយយប់ ព្រោះមិនដឹងថា តើជីវិតគ្រូបង្រៀន ដូចខ្ញុំបាទ នឹងត្រូវចប់ដូចលោកគ្រូម្នាក់នោះ នៅក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍ឬយ៉ាងណានោះឡើយ ។ ខ្ញុំបាទ សុំអង្វរដោយទទូច ចំពោះអាជ្ញាធររាជធានីភ្នំពេញ មេត្តារិតបន្តឹងច្បាប់ដែលមានស្រាប់នោះឲ្យមានប្រសិទ្ធភាព ។ ការយោគយល់ចំពោះថៅកែក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ គឺជាឱកាសដែលផ្តល់ឲ្យអ្នកបើកបររថយន្តទាំងនេះបន្តឆក់យកជីវិតពលរដ្ឋច្រើនទៀត ៕ គ្រូបង្រៀនម្នាក់