ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ សណ្តោងរ៉ឺម៉ក ជាប់ហ្គ៊ែររ៉េចង្កូតបុកតូបលក់ចាបហួយ និងមនុស្សរបួស៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួស និងតូបលក់ចាបហួយរងការខូចខាត ខណៈត្រូវអ្នកបើកម៉ូតូ សណ្តោងរ៉ឺម៉ក ជាប់ហ្គែរហើយរេចង្កូតទៅបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឈប់មើល និងជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង ៤ និង៤៥នាទីរសៀល នៅចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា មនុស្សដែលរងរបួសមានឈ្មោះ ឈា សុខគា ភេទប្រុស អាយុ៣ឆ្នាំ ឈ្មោះ ភាន សុផល ភេទស្រី អាយុ ១០ឆ្នាំ និង ឈ្មោះ មាស ម៉ា ឡៃ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរលក់ដូរអ្នកទាំង៣ មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបង្កហេតុមានឈ្មោះ ឃួន សំអឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មករ អគ្គិសនី មានទីលំនៅភូមិ ព្រៃម្នាស់ ឃុំសំឡី ស្រុកកំពងរោទ៍ ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកហុងដាវ៉េវ ពណ៌ ក្រហម គ្មាន ស្លាកលេខ ដោយធ្វើដំណើរពីទិសខាងត្បូងមកជើង ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជាប់ហ្គ៊ែរ ក៏ជ្រុលចង្កូតទៅបុកតូបលក់ដូរ និងមនុស្ស៣នាក់តែម្ដង ។

ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងយកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ព្រមទាំងម៉ូតូម៉ូតូសណ្តោងរម៉កអូសមករក្សា ទុកនៅប៉ុស្តិ៍ រដ្ឋបាលរង់ចាំការដោះស្រាយនាពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖