ភ្នំពេញ ៖ យុវតីម្នាក់ហៅកង់បី Pass App ជិះទៅផ្ទះ បានពាក់កណ្ដាលផ្លូវ ស្រាប់តែអ្នកបើកកង់បី ដឹកទៅឈប់កន្លែងស្ងាត់ដើរទៅនោមបាត់ឈឹងមួយសន្ទុះ ទើបដើរមកវិញ កាន់ក្រមាមួយយកមកទុកខាងក្រោយនាង ហើយក៏ស្ទុះចូលមកចាប់នាងកៀកកឱបយកតែម្ដង ទើបនាងដឹងខ្លួនទាន់ ក៏រើបម្រាស់ ហើយស្រែកឆោឡោដល់អ្នកបើកកង់បីនោះរត់ទៅបុកប៉ះរថយន្តគេចតនៅមុខផ្ទះ រហូតផ្អើលឆោឡោដល់ប្រជាពលរដ្ឋ នាំគ្នាជិះដេញតាមឃាត់ប្រគល់ឲ្យសមត្ថកិច្ចនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងព្រៃសរ ស្ថិតក្នុងសង្កាត់ព្រៃសរ ខណ្ឌដង្កោ លុះពេលទៅដល់ប៉ុស្តិ៍ខាងស្រីមិនព្រមប្ដឹង បែរជាឲ្យសមត្ថកិច្ចអប់រំណែនាំរួចនាងទៅផ្ទះបាត់ បន្សល់ទុកឲ្យម្ចាស់រថយន្ត និងអ្នកបើកកង់បី ជិះចុះជិះឡើងដោះស្រាយគ្នាមិនចេញ។
យុវតីរងគ្រោះឈ្មោះ ស.ស.ដ. អាយុ១៩ឆ្នាំ ។ ចំណែកបុរសអ្នកបើកកង់បី មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ បានបើកកង់បី Pass App ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1AB-1943 ។
យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូទៅដើរលេងជាមួយមិត្តភ័ក្តិ នៅកោះពេជ្រ លុះជិតដល់ម៉ោងកើតហេតុ មិត្តភ័ក្តិរបស់នាងក៏បានជូនត្រឡប់មកផ្ទះវិញដែរ តែដោយសារតែមិត្តភ័ក្តិរបស់នាង មានការរវល់បន្ទាន់ ទើបឌុបនាងមកដល់ចំណុចស្ពានដែកចំការដូង ហើយក៏ត្រឡប់ទៅវិញបាត់។ បន្ទាប់មករូបនាងក៏បានឈររង់ចាំមើល Pass App ដើម្បីជិះទៅផ្ទះ បន្តិចក្រោយមក មានបុរសម្នាក់បើកកង់បី Pass App មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1AB-1943 បានប់កដល់ ហើយរូបនាងក៏ហៅ បងកង់បីដឹកភ្ញៀវទេ? អ្នកបើកកង់បីឆ្លើយថា ដឹក ហើយរូបនាងប្រាប់ថា ទៅចឹងឌុបខ្ញុំទៅផ្ទះនៅម្ដុំព្រៃស ហើយនាងក៏ឡើងអង្គុយកៅអីខាងក្រោយ រួចអ្នកបើកកង់បី ក៏បើកចេញទៅ។
យុវតីរងគ្រោះបន្តថា លុះឡើងជិះបានមួសន្ទុះ ស្រាប់តែអ្នកបើកកង់បី បើកបត់ចូលទៅក្នុងបុរីឈឹមឈាងហាក់ រួចបើកយឺតៗ ហើយនាងប្រាប់អោយអ្នកបើកកង់បី បើកអោយលឿនជាងនេះបន្តិចទៀតទៅ ព្រោះប៉ារបស់នាង កំពុងចាំផ្លូវនាងត្រឡប់ទៅផ្ទះវិញ បន្តិចក្រោយមកអ្នកបើក PassApp បានបើកទៅឈប់នៅផ្លូវស្ងាត់មួយ ដែលនាងមិនសូវច្បាស់ទេ ដឹងតែនៅផ្លូវព្រៃស រួចនាងក៏សួរបង ឈប់ធ្វើអីកន្លែងនេះស្ងាត់ណាស់ ហើយអ្នកបើកកង់បីនោះ ប្រាប់វិញថា ឈប់ឈឺនោម ហើយក៏កាន់ក្រមាមួយ ដើរទៅនោមបាត់ឈឹងមួយសន្ទុះ ទើបដើរមកវិញ រួចកាន់ក្រមានោះយកមកទុកខាងក្រោយនាង ហើយក៏ស្ទុះចូលមកចាប់នាងកៀកកឱបយកតែម្ដង ទើបនាងដឹងខ្លួនទាន់ ក៏រើសម្រាស់ ហើយស្រែកឆោឡោថា ចោរៗ ខណៈនោះមានបុរសនារី២នាក់ ប្ដីប្រពន្ធជិះម៉ូតូឌុបគ្នាមកដល់ ហើយសួរនាំថា មានរឿងអ្វី ភ្លាមនោះអ្នកបើកកង់បីរត់ទៅបើកកង់បី Pass App ឌុបនាងចេញពីកន្លែងផ្លូវស្ងាត់នោះ រហូតមកដោយមកតាមផ្លូវបេតុងក្នុងបុរី លឹម ឈាងហាក់ និងមានបុរសនារី២នាក់ប្ដីប្រពន្ធ ជិះតាមពីក្រោយមកដែរ តែមិនហ៊ានចូលទៅជួយឃាត់នោះទេ។
លុះចូលមកដល់បុរីឡាយគង់ បុរសម្នាក់ បានអះអាងថា លឺសំឡេងស្រែកឆោឡោថា ចោរៗ ជិតផ្ទះរបស់គាត់ ទើបរូបគាត់ដើរចេញមកអឺតមើល ស្រាប់តែពេលនោះ មានកង់បី Pass App ខាងលើ បើកមកបុកប៉ះរថយន្តរបស់គាត់ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចដែរទេ ហើយបន្តបើកចេញទៅ ទើបគាត់អូសម៉ូតូចេញមក ហើយជិះតាមពីក្រោយ ។
គាត់ក៏ជិះតាមពីក្រោយ ពីមួយកន្លែងទៅមួយកន្លែង ដោយគៀម៉ូតូអ្នកដេញតាម២នាក់ ដួលរលាត់ដៃ របួសស្រាលដែរ ហើយមិនព្រមឈប់ទេ បែរជាព្យាយាមបើករត់ចេញមកតាមក្លោងទ្វារច្រកចេញចូលបុរី រួចបត់ឡើងផ្លូវ២១៧ លុះមកដល់ចំណុចកែងផ្លូវស្តុបផ្សារថ្នល់បត់ ទើបត្រូវបានពួកគាត់ប្រដេញតាមទាន់ និងស្ទាក់ឃាត់បានតែម្ដង រួមទាំងឃើញមានក្រុមគ្រួសារយុវតីរងគ្រោះ ក៏បានមកដល់ផងដែរ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងតែម្ដង ហើយគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗ និងក្រុមអ្នកសារព័ត៍មានចុះធ្វើការផ្សាយផ្ទាល់ផងដែរ។
ក្រុមអ្នកយកព័ត៌មានក៏បានសាកសួរនាំយុវតីរងគ្រោះអំពីដំណើររឿងរួចហើយ រួចក៏សុំធ្វើការសាកសួរអ្នកបើកកង់បី PassApp នោះ ដើម្បីឲ្យជួយបំភ្លឺហេតុការណ៍នោះផង តែអ្នកបើកកង់បីនោះ យកក្រមាមកបិទបាំងមុខ និងមិនព្រមនិយាយអ្វីនោះទេ ទើបសមត្ថកិច្ចនាំខ្លួនអ្នកបើកកង់បីនោះ ទៅធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលដង្កោ ។
ក្រោយពីសាកសួររួច ទើបដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ព្រៃស ហើយសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ព្រៃស ជាអ្នកសាកសួរបន្តវិញ។ លុះពេលទៅដល់ប៉ុស្តិ៍ព្រៃស សមត្ថកិច្ចបានហៅភាគីទាំងសងខាង រួមទាំងឪពុកម្ដាយយុវតីរងគ្រោះចូលទៅសួរនាំផងដែរ តែចម្លែកបន្តិចនៅពេលចេញមកវិញ បែរជាភាគីខាងឪពុកម្ដាយយុវតីរងគ្រោះ មិនព្រមដាក់ពាក្យបណ្ដឹង ប្ដឹងអ្នកបើកកង់បីនោះទៅវិញ រួចប្រាប់អ្នកសារព័ត៌មានយើងវិញថា គ្រាន់តែអោយសមត្ថកិច្ចធ្វើការអប់រំណែនាំ កុំអោយធ្វើបែបនេះទៀត ហើយក៏យល់ព្រមបញ្ចប់រឿង រួចនាំគ្នាចាកចេញបាត់អស់ទៅ បន្សល់ទុកអោយភាគីម្ចាស់រថយន្ត និងអ្នកបើកកង់បី PassApp ដោះស្រាយគ្នាតាមក្រោយ តែដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅក្នុងទឹកដីសង្កាត់ដង្កោ ទើបសមត្ថកិច្ចប៉ុស្តិ៍ព្រៃស ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ដង្កោ ជាអ្នកដោះស្រាយរឿងចរាចរណ៍នេះវិញ ។
លុះមកដល់ប៉ុស្តិ៍ដង្កោវិញ ភាគីម្ចាស់រថយន្ត ដែលរងការខូចខាត បានសួរនាំភាគីអ្នកបើកកង់បី តែអ្នកបើកកង់បីនោះ មិនព្រមនិយាយអ្វីនោះទេ ហើយប្រាប់ថា ពុំមានលទ្ធភាពសងរថយន្តគាត់ទេ បើមាន គឺរត់កង់បីសងគាត់ម្ដងបន្តិចៗប៉ុណ្ណោះ ចំណែកសមត្ថកិច្ចក៏បានជួយសម្របសម្រួល និងសាកសួរនាំដូចគ្នាដែរ ដោយមើលឃើញជាក់ស្ដែងពិបាកដោះស្រាយហើយ មិនអាចទាក់ទងក្រុមគ្រួសារអោយមកជួយដោះស្រាយបានទៀតនោះ ម្ចាស់រថយន្តក៏ខ្ចិលទាមទារសំណងបន្តទៀតដែរ ទើបទុកអោយសមត្ថកិច្ចធ្វើកំណត់ហេតុបញ្ចប់រឿងតែម្ដង ៕ ភារ៉ា ដង្កោ