ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆក់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកសន្ទុក

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ កាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅភូមិ វាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊ុន រ័ត្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែកមានទីលំនៅភូមិត្រើយម៉្យាបឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមការបំភ្លឺរបស់សាក្សី ឈ្មោះ សំ សារ៉ាត់ ភេទប្រុស អាយុ30ឆ្នាំនៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះទិញ មឿក ភេទប្រុស អាយុ22ឆ្នាំនៅ ភូមិវាំងខាងត្បូង ឃុំតាំង ក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យថា ខ្លួន និងជនរងគ្រោះបានទៅធ្វើដំបូលផ្ទះឲ្យឈ្មោះ អ៊ូ ប៊ុន ណារិទ្ធិ ភេទប្រុស អាយុ 47ឆ្នាំនៅ ភូមិកើតហេតុខាងលើ ពេលកំពុងតែបាញ់វីសប្រក់ដំបូលផ្ទះ មានកំពស់3ម៉ែត្រ ក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីពីឧបករណ៍ម៉ូទ័របាញ់វិសកាន់នឹងដៃ បណ្ដាលឲ្យជនរងគ្រោះ ឈ្មោះស៊ុន រដ្ឋ នេះប្រកាច់ធ្លាក់ពីលើដំបូល ផ្ទះធ្លាក់មកដី បណ្ដាលឲ្យរងរបួសធ្ងន់ ឃើញដូច្នេះក៏នាំគ្នាយកជនរងគ្រោះទៅ​កាន់មណ្ឌលសុខភាពតាំងក្រសាំង ពេលដល់ពេទ្យ ជនរងគ្រោះបានស្លាប់បាត់ហើយ ដោយសាររងរបួសធ្ងន់ពេក។

ហេតុការណ៍នេះបានដឹងដល់កម្លាំងជំនាញ បានសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលបានទៅពិនិត្យជនរងគ្រោះ នៅក្នុងមណ្ឌលសុខភាព តាំងក្រសាំង ដោយមានគ្រូពេទ្យនៅទីនោះចូលរួមពិនិត្យសាកសព ឃើញមានស្នាម របួសនៅលើថ្ពាល់ខាងស្តាំ នៅលើជង្គង់ខាងឆ្វេងមានស្នាមរបួសចេញឈាមនៅនិង ក (សង្ស័យធ្លាក់បាក់ក) ។

ដោយសន្និដ្ឋានថា ជនរងគ្រោះ ពិតជាត្រូវឆក់ពីចរន្តអគ្គិសនីដែលឆ្លងពីឧបករណ៍ម៉ូទ័រ ធ្លាក់ពីលើដំបូលផ្ទះបណ្ដាលឲ្យបាក់កស្លាប់ ។ មូលហេតុ ខ្វះការប្រុងប្រយ័ត្ន មិនបានពាក់ស្រោមដៃការពារ ។

ក្រោយពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖