ខេត្តកំពង់ឆ្នាំង៖ កម្មការិនី៣០នាក់ បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ រថយន្តបើកគេចគោយន្តបណ្តាល ឲ្យក្រឡាប់ ។
ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឺទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣៥នាទី នៅចំណុចទំនប់ចុងកន្លែង ផ្លូវលំក្រាលក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់នគរបាលខេត្ត កំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត មួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A -1941 បើកបរដោយឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកកម្មករ កម្មការិនីរោងចក្រ ចេញពីរោងចក្រឆ្ពោះមកផ្ទះវិញ ដោយបើកបរពីទិសខាងលិចឆ្ពោះទៅទិស ខាងកើត ពេលបើកបរមកដល់ចំណុចខាងលើ ក៏គេចពីគោយន្តកន្រ្តៃ ០១ គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរមកពីទិសខាង កើតឆ្ពោះទៅទិសខាងលិច ក្នុងដំណើរច្រាស់ទិសគ្នា ភ្លាមនោះអ្នកបើកបររថយន្ត ក៏បានអែបខាងស្ដាំស្រាប់តែដីផ្លូវ នោះបានស្រុតកង់រថយន្តខាងស្ដាំ បណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង (ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានគេចខ្លួន បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ) ។
ប្រភពដដែលបន្តថា ករណីខាងលើបណ្តាល ឲ្យ រងរបួសមនុស្ស ៣០នាក់ (ស្រី) របួសធ្ងន់ ៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ ២នាក់) ។ របួសស្រាល ២៥នាក់ (ស្រី) បើកថ្នាំរួច មិនដេកពេទ្យ ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់(ស្រី) ។
ក្នុងហេតុការណ៍ខាងលើបណ្តាលឲ្យខូចខាតរថយន្ត ០១ គ្រឿងស្រាល ត្រូវបានចាប់យកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងទៅតាមច្បាប់ ៕ ចន្ថា