ព័ត៌មានទាន់ហេតុការណ៍៖

រឿងរំលោភយកដីចំការស្រល់នៅខេត្តមណ្ឌលគិរី សុទ្ធតែជាអភិបាល អភិបាលរងស្រុក មេភូមិបាល និងកូនអ្នកធំ នៅសល់ត្រឹម៣ហិកតា ទុកជាដីរបស់រដ្ឋ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ផ្អើលពេញស្រុកខ្មែរទៅហើយរឿងករណីមានអ្នករំលោភយកដីចំការស្រល់របស់រដ្ឋនៅខេត្តមណ្ឌលគិរី ហើយជាតម្រុយក៏បានលេចចេញអត្តសញ្ញាណអ្នកមានឈ្មោះរំលោភយក ដោយមានឋានៈជាអភិបាល អភិបាលរងស្រុក ជាមេភូមិបាលស្រុក ជាកូនឧបនាយករដ្ឋមន្ត្រី ប៉ុន្តែគេពុំដឹងថា៖ តើថ្នាក់លើអាចចំណាត់ការចំពោះរឿងនេះ ឬមួយយ៉ាងណា..? ម្យ៉ាងទៀតលេចឮថា គេបានធ្វើប័ណ្ណកម្មសិទ្ធអោយទៅជាដីស្របច្បាប់ទៅហើយ លើដីរដ្ឋនេះ តាមរយៈយកប្រជាពលរដ្ឋអាអ្នកអាស្រ័យលក់អោយ មានការទទួលប្រាក់ផ្តិតមេដៃជាដើម។

យោងតាមសេចក្តីរាយការណ៍អាចជាកម្មវត្ថុនៃតម្រុយមួយ ដែលត្រូវថ្នាក់លើយកទៅពិចារណា ស្រាវជ្រាវបានបញ្ជាក់ថា ៖ ក្រោយពីបែកធ្លាយលេចចេញមុខអាជ្ញាធរស្រុកអូរាំង បានឃុបឃិតជាលក្ខណះប្រព័ន្ធពុះចែកហែកដីចម្ការស្រល់របស់រដ្ឋអង្កន់ចែកគ្នាលក់និងយកមកធ្វើជាដីកម្មសិទ្ធ ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះស្រាវជ្រាវរកឃើញជាបណ្ដើរៗហើយនូវអំពើពុករលួយនេះ បន្ទាប់ពីអស់លោកទាំងនោះព្យាយាមហែកចែកគ្នាមិនដាច់ ឬចែកប្រយោជន៍មិនត្រូវគ្នា ដោយបានតែមនុស្សបក្ខពួក ជាថ្នាក់ដឹកនាំស្រុកនោះ។

មន្ត្រីបានអោយដឹងថា៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២១៩ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរីបានចេញលិខិតបញ្ជាបេសកម្មអោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មានលោក សារ៉ូ រតនា នាយរងខណ្ឌ ដឹកនាំកំលាំងមន្ត្រីដើម្បីចុះធ្វើការសាកសួរនិងស្រាវជ្រាវ ឈានដល់រកឃើញ និងវាស់វែងជាក់ស្តែងនៅទីតាំងដែលបក្ខពួកអាជ្ញាធររំលោភយកដីចម្ការស្រល់នោះ ដោយពិនិត្យឃើញថា៖ ចំណុចនិយាមការ ៧៣៧៥២៥-១៣៦៦១៤៥ជាដីចម្ការស្រល់ដែលមានបាញ់ថ្នាំក្រហមសម្គាល់និងមានស្នាមទើបដកបង្គោលចេញវិញ។ដីចំណុចនេះស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។

និយាមការ៧៣៦៧៧៣-១៣៦៦៣៩៥,៧៣៦៨៨០-១៣៦៦៤០៤,(ដីជាប់ផ្លូវជាតិលេខ៧៦) និងចំណុចនិយាមកា៧៣៤១៨១-១៣៦៥៣០៤,៧៣៤២២១-១៣៦៥៦៣៤,៧៣៤៣១៦-១៣៦៦៧៦៧(ដីជាប់ផ្លូវលំ)ជាដីចម្ការស្រល់ដែលមានបោះបង្គោលជាច្រើនដើម។ ដីនេះស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរិរី និងដឹងថាដីនេះក្លាយទៅជាកម្មសិទ្ធកូនលោកឧបនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមួយរូប មានឈ្មោះថា ជា ជុតិមា ភេទស្រី អាយុ៣៥ ឆ្នាំ។ ដោយឡែកនៅ ចំណុចនិយាមកា៧៣៥៧៨៦-១៣៦៥២៩១ជាដីដែលមានក្បាល១០០មែត្រឈូសឆាយរួចរាល់អស់៧០ម៉ែត្រ ជាដីរបស់លោកសៀក មុន្នី អភិបាលរងស្រុកអូរាំងដែលទិញពីឈ្មោះខុម និងឈ្មោះអុិន កាំ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង។ចំណុចនិយាមកា៧៣៤២៧៤-១៣៦៤៨៣៧ជាដីទំហំ៣ហិកតាជាកម្មសិទ្ធរបស់ លោក នង ទណ្ណារី អភិបាលស្រុកអូរាំង។

តាមប្រភពនៅទីនោះបានរាយការណ៍ ជាប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ក្នុងនោះមានលោក ញ៉ាង ម្យក់ មេភូមិពូហ្យាមផងនោះក៏បាននិយាយថា៖ កាលពីមុនខាងភូមិពិតជាបានចុះហត្ថលេខាទទួលស្គាល់ការកាន់កាប់ដីចម្ការដែលពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែងតាមចំណីអូរពិតប្រាកដមែន។ ប៉ុន្តែចំពោះការផ្ទេរលក់ដូរលើលិខិតផ្ទេរកាន់កាប់ប្រើប្រាស់ដីធ្លី និងការចូលចាប់យកដីក្រោយៗនេះគឺលោកពុំដឹងទេ។ ក្នុងនោះលោក តែម ភើត សមាជិកក្រុមប្រឹក្សាឃុំសែនមនោរម្យបានឱ្យដឹងថា៖ កាងារគេបោះបង្គោលព័ទ្ធរំលោភយកដីចម្ការស្រល់នោះ លោកពុំបានដឹងថាជារបស់នរណាទេ។ ជាមួយគ្នានោះមេបញ្ជាការផ្នែកសឹករងអូរាំងលោកខាត់ សាក់ បានបញ្ជាក់ថា៖ ចម្ការស្រល់មុខបន្ទាយយោធាលោក កាលពីមុនខាងយោធាជាអ្នកដាំ បន្ទាប់មកបានប្រគល់អោយក្រសួងកសិកម្មដែលមានខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកថែរក្សាជាសម្បត្តិរដ្ឋ។

លោកបន្តថា៖ លោកជាអ្នកបោះបង្គោល ដើម្បីសម្គាល់ថាដីនេះ ជាដីរបស់រដ្ឋនិងជួយកាពារទុកជាសម្បត្តិរួមតែប៉ុណ្ណោះ។មុននិងបោះបង្គោលលោកក៏បានឆ្លងយោបល់ថ្នាក់លើដែរ។ លោកមេបញ្ជាការ បញ្ជាក់ថា៖ ដី៥១ហិកតាដែលអាជ្ញាធរស្រុកអោយប្រជាពលរដ្ឋឈរឈ្មោះលក់នោះគឺក្នុង១គ្រួសារបានប្រាក់១លានរៀលជាថ្នូរក្នុងការយល់ព្រមផ្តិតស្នាមមេដៃបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធ។

លោក យឹម ព្រីយ៉ា នាយសង្កាត់រដ្ឋបាលព្រៃឈើអូរាំងបានអោយដឹងថា៖ លោកពុំដែលដឹងថាដីចម្ការស្រល់មានព្រំត្រឹមណានោះទេ ហើយស្នាក់ការសង្កាត់ពុំដែលមានផែនទីទុកមើលនោះឡើយ។ លោកបន្តថា៖ កន្លងទៅថ្មីៗនេះលោកបានមកទាន់ឃើញគេកំពុងបោះបង្គោលលើដីចម្ការស្រល់ចំណុចទីតាំងបុណ្យរុក្ខទិវាឆ្នាំ២០១៥។ លោកបានសួរនាំម្ចាស់ដីដែលមានអំណាចម្នាក់ ហើយគេបានឆ្លើយថា ចង់ដឹងសួរទៅស្រុកទៅ។ ផ្ទុយទៅវិញជាការឆ្លើយតបរបស់ លោក នង ទណ្ណារី អភិបាលស្រុកបញ្ជាក់យ៉ាងខ្លីថា៖ ដីចំណុចនោះបានអោយទៅលោកឧបនាយករដ្ឋមន្ត្រីហើយ។

មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី កត់សម្គាល់ថា៖ ដីដែលរងការរំលោភកាន់កាប់នេះ គឺកើតឡើងដោយសារតែភាពលោភលន់និងសន្ទុះដីកំពុងតែមានទីផ្សារហក់ឡើងថ្លៃ ទើបមានអំពើលោភលន់រំលោភយកដីចំការរបស់រដ្ឋ ហើយបានយកប្រជាពលរដ្ឋធ្វើជាខែលលើស្នាមផ្តិតមេដៃទទួលប្រាក់ និងយកឈ្មោះអ្នកមានអំណាចឬមុខងារតួនាទីមកប្រើប្រាស់ធ្វើជាឈ្នាន់រំលោភកាន់កាប់ដោយគ្មានការញញើតកោតក្រែងពីផ្លូវច្បាប់បន្តិចសោះនោះឡើយ។ ម្យ៉ាងទៀតក៏បណ្តាលមកពីការធ្វេសប្រហែសរបស់អាជ្ញាធរមូលដ្ឋាន ឬកន្ទេលធំបន្លំដេក សំងំយកផលផងដែរក្នុងរឿងរំលោភយកដីនេះ។

គួរំលឹកថា៖ បន្ទាប់ពីមានការបែកធ្លាយរឿងដីចម្ការស្រល់របស់រដ្ឋ ដែលលោកអភិបាលស្រុក និងអភិបាលរងស្រុកអូរាំង រួមនិងកូនលោកឧបនាយករដ្ឋមន្ត្រីរំលោភយក និង មានដីក្នុងចម្ការស្រល់ តាមរយៈការស្រាវពីជំនាញរដ្ឋបាលព្រៃឈើ ឥឡូវមានប្រភពគួរអោយជឿទុកចិត្តបានទម្លាយរឿងអាស្រូវមួយទៀត ពាក់ព័ន្ធនិងលោក លឹម សុខខេង ប្រធាន ភូមិបាលស្រុកអូរាំង ( ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយ៍កម្មនិងភូមិបាល) មានដីចម្ការស្រល់២៥ ហិចតា ជាប់របងសង្កាត់រដ្ឋបាលព្រៃឈើអូរាំង លក់អោយទៅកូនលោកឧបនាយករដ្ឋមន្ត្រី និងសល់ដីចម្ការស្រល់ទល់មុខសង្កាត់ ៤២០ ម៉ែត្រទៀតផងដែរ។

ជុំវិញបញ្ហារឿងរ៉ាងខាងលើ ដែលគេសង្កេតឃើញថា អ្នកដែលរំលោភយកដីចម្ការស្រល់របស់រដ្ឋ មកធ្វើជាកម្មសិទ្ធ គេមិនទាន់ឃើញមានចំណាត់ការណាមួយ មកលើបក្ខពួកក្រុមរំលោភយកដីរដ្ឋមកសាកសួរឬបំភ្លឹជុំវិញបញ្ហានេះនៅឡើយ ហាក់នៅគាំង ដោយសារនាំគ្នាធ្វើជាប័ណ្ណសិទ្ធកើតឡើងជាលក្ខណះប្រព័ន្ធទៅហើយ។ ទោះបីជាយ៉ាងណា លោកអភិបាលខេត្តគិរីអាចមិននៅប្រងើយកន្តើយក្នុងរឿងនេះឡើយក្នុងនាមជាអាជ្ញាធរដែនដី ព្រោះបញ្ហារំលោភយកដីរដ្ឋជាបទល្មើសឧក្រិដ្ឋ ត្រូវមានការផ្តន្ទាទោស បើរកឃើញជនពាក់ព័ន្ធ ហើយថ្នាក់ដឹកនាំណាក៏មានសិទ្ធធ្វើបណ្តឹងបរិហារ រឿងរំលោភយកដីធ្លីរបស់ដ្ឋ ចៀសវាងបន្តកើតមាននៅកន្លែងផ្សេងទៀត ដែលនាំការពិបាកដល់រដ្ឋាភិបាល ដែលជាអ្នកដោះបន្ទុកមិនចេះចប់ មិនចេះហើយនោះ។

ពាក់ព័ន្ធករណីនេះ អង្គភាព«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយទូរស័ព្ទនៅក្រៅតំបន់សេវា។ ដោយឡែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា៖ រឿងនេះលោកបានចាត់អោយខាងជំនាញចុះធ្វើស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត និងមានតម្រុយខ្លះហើយ។ លោកបន្តថា៖ យើងត្រូវការភាពច្បាស់លាស់ក្នុងដំណើរការនីតិវិធីការងារ ចឹងមិនបញ្ជាក់អោយសុីជម្រៅទេ ខណះក្រុមការងារកំពុងធ្វើ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់អង្គភាព «នគរវត្ត»ថា៖ រឿងនេះខ្ញុំបានចាត់វិធានការរួចហើយ បន្ទាប់ពីទទួលដំណឹងថាមានអ្នករំលោភយកដីរដ្ឋ តាមរយៈបញ្ជាអោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ធ្វើកិច្ចការនេះ តម្រូវអោយប្រជាពលរដ្ឋដែលពាក់ព័ន្ធមានឯកសារគ្រប់គ្រងដីនៅទីនោះចេញមុខមកតវ៉ា។ លោករដ្ឋមន្ត្រីបន្តថា៖ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ត្រូវរាយការណ៍និងប្រមូលទិន្នន័យការងារដាក់ជូនលោកអភិបាលខេត្ត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ដីចំការស្រល់របស់រដ្ឋស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ហើយជំនាញរដ្ឋបាលព្រៃឈើមើលកិច្ចការនេះផ្ទាល់។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អង្គភាព«នគរវត្ត»មិនអាចទាក់ទងសុំការបំភ្លឺបានទេ នារសៀលថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលមានអ្នកផ្សេងលើក ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា៖ លោកឧបនាយករដ្ឋមន្ត្រីកំពុងជាប់រវល់ ចាំជួបគាត់ដោយផ្ទាល់ទៅរួចក៏បិទទូរស័ព្ទ៕ សុខ ខេមរា


ចែករំលែក៖