ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកស្វាយទាបបានឃាត់ខ្លួន មកសាកសួរ ខណៈដែលជិះម៉ូតូមិនពាក់មួកកញ្ចក់និងស្លាកលេខទើបបែកធ្លាយករណីឆបោកទូរសព្ទ័និងម៉ូតូនៅក្រុងភ្នំពេញនិងបន្លំឯកសណ្ឋាននគរបាល ។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ១ ក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានបង្ហើបឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ណាក់ ភារះ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ក្នុងឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ចំណែកម៉ូតូ ដែលសមត្ថកិច្ចដកហូតបាន ម៉ាកហុងដា សេ ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១T២៩៤៣ ។
ប្រភពបន្តថា មុនកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងហុងដាសេ១២៥ ស៊េរី ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១T២៩៤៣ ខណៈមិនមានពាក់មួក កញ្ចក់មើលក្រោយ និងស្លាកលេខ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុកស្វាយទាបមានការសង្ស័យ បានឃាត់ និងសាកសួ រទើបធ្លាយករណីខាងលើនេះតែម្ដង ។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងទៅស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន