ព័ត៌មានទាន់ហេតុការណ៍៖

មានជម្លោះជាមួយប្ដី គិតខ្លីចងក សម្លាប់ខ្លួនផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ​មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ ខណៈប្រទះឃើញស្ត្រីម្នាក់ចងកនៅ​នឹងផ្ទះរបស់ខ្លួន ខណៈដែលសង្ស័យមានជម្លោះពាក្យសម្ដី និងប្ដីបន្តិចបន្តួច គិតខ្លីបែបនេះ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ៥រោជ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ វេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិជុបព្រី ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលសង្ស័យគិតខ្លីចងកសម្លាប់ខ្លួនមានឈ្មោះ សុខ ផាន់ណា អាយុ២៣ឆ្នាំ រស់នៅភូមិជុបព្រី ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងទៀតថា៖ ក្រោយពីមានសេចក្ដីរាយការណ៍ ពីអាជ្ញារធរមូលដ្ឋានភ្លាម សមត្ថកិច្ចស្រុកនគរបាលជំនាញខេត្តប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានចុះមកពិនិត្យភ្លាមៗដោយយកចិត្តទុកដាក់ ខណៈសព គឺពិតជាចងកសម្លាប់ខ្លួន និងននងផ្ទះ នឹងខ្សែចងគោ មិនមានស្លាកស្នាម ដែលសម្គាល់ជារឿងឃាដកម្មអ្វីនោះទេ ។

តាមអ្នកភូមិបានឲ្យដឹងថា ក្រុមគ្រួសារនេះតែងតែមានរឿងឈ្លោះគ្នាមិនដែលខានសង្ស័យ បុរសជាប្ដីប្រចណ្ឌ និងប្រពន្ធខ្លួនដោយមុនកើតហេតុផ្ទះមានសភាពស្ងប់ស្ងាត់ បន្ទាប់ពីមានជម្លោះពាក្យសំដីជាច្រើនម៉ោងក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើលថា ស្ត្រីជាប្រពន្ធបានចងក សម្លាប់ខ្លួនបាត់ទៅហើយ ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ យឹម សុថាន


ចែករំលែក៖