ភ្នំពេញ៖ ប្រជាពលរដ្ធនៅតែ មិនអស់ចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះទីតាំងសត្តឃាត មាន់ដែលត្រូវអាជ្ញាធរ ដឹកនាំកម្លាំងចុះបិទ តាមលិខិតរបស់សាលា រាជធានីភ្នំពេញ តែរហូតមកដល់ពេល នេះម្ចាស់សត្តឃាតមាន់នៅតែបន្តធ្វើដោយមិនខ្លាចបន្តិចណាទាល់តែសោះ ដែលធ្វើឲ្យប្រជាជនរស់ នៅតំបន់នោះអស់ជំនឿចិត្តលើលិខិតរបស់លោកឃួងស្រេងហាក់បីដូច គ្មានប្រសិទ្ធភាពឡើយ ។
សូមបញ្ជាក់ថា កាលពី ពេលថ្មីៗកន្លងមក លោក លឹម សាម៉ឺឌី ប្រធានការិយាល័យ អន្តរវិស័យខណ្ឌឫស្សីកែវបានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធជាច្រើនរូបចុះ ទីតាំងសត្តឃាតមាន់ ដែលមានពាក្យបណ្តឹង របស់ប្រជាពលរដ្ថ ហើយនឹងយកសេចក្ដីសម្រេចរបស់លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ដើម្បីមកបិទជាស្ថាពរ ទៅលើទីតាំងសត្តឃាត មាន់នោះជាស្ថាពរ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ក្រោយមានពាក្យ បណ្ដឹងពី ប្រជាពលរដ្ឋអ្នកក្បែរ ខាងជាច្រើនគ្រួសារ ជាយូរមកហើយ ដែលចោទថា ជះក្លិនស្អុយ និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃនោះ ។
ការសម្រេចបិទអាជីវ កម្មសត្តឃាតមាន់ ដឹកនាំដោយលោក លឹម សាម៉ឺឌី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ បានធ្វើឡើងដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀត ស្ថិតនៅផ្ទះលេខ ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមក។
លោក លឹម សាម៉ឺឌី បានឲ្យដឹងថា មុនឈានដល់ការ បិទជាស្ថាពរចំពោះ ទីតាំងសត្តឃាតមាន់ របស់លោក សុខ សុគន្ធ ដោយសារតែម្ចាស់ អាជីវកម្ម មិនបានរៀបចំឲ្យ បានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដារ បច្ចេកទេស និងរងការប្ដឹងចោទ ប្រកាន់ពីប្រជាពលរដ្ឋ អ្នកក្បែរខាងជាច្រើន គ្រួសារ ថាមានជះក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាព និងមានបន្លឺសំឡេង រំខាន ទាំងយប់ទាំងថ្ងៃនោះ ។
យ៉ាងណាក៏ដោយ លោក សុខ សុគន្ធ ដែលជាម្ចាស់ អាជីវកម្មសត្តឃាតមាន់ បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់មន្ត្រីជំនាញពាក់ ព័ន្ធមកធ្វើការស៉ើបអង្កេតនូវទីតាំង ក្នុងការតាមការ ជាក់ស្ដែងជាមុនសិន មុនឈានដល់ការបិទ ដើម្បីរកផលប៉ះពាល់ មុនដែលលោកដាក់ ពាក្យប្ដឹងទៅរដ្ឋបាល រាជធានីភ្នំពេញ តវ៉ាបន្តទៀតចុះ។
ប្រជាជនបានឲ្យដឹងថាបន្តាប់ពីអាជ្ញាធរចុះមកបិទរួចមកទីតាំងនេះនៅតែលួចបន្តធ្វើដោយមិនខ្វល់នឹងលិខិតរបស់សាលារាជធានីភ្នំពេញសូមបីតែប៉ុនកូនកាចកដៃឡើយ។
ចំពោះទីតាំងសត្តឃាតមាន់ខាងលើនេះលោកលឹមសាមឺុឌីប្រធានការិយាលយ័អន្តរវិសយ័ខណ្ឌបានបញ្ជាក់ថាខណ្ឌបានបញ្ជូនឯកសារទៅសាលារាជធានីភ្នំពេញអស់ហើយដើម្បីចាត់វិធានការបន្តចំពោះសត្តឃាតមាន់មួយនេះ។
សូមឲ្យអាជ្ញាធររាជធានីភ្នំពេញជាពិសេសលោកឃួងស្រេងបង្កើតគណះកម្មាធិការចម្រុះដើម្បីចុះមកពិនិត្យលើទីតាំងសត្តឃាតមាន់នោះដោយមានទាំងព្រះរាជ្ញាចូលរួមផង ៕ អរុណរះ