ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តយីឌុបធុនយក្ស ដឹកទំនិញលើសចំណុះ បួងចង្កូតមិនទាន់ បុកទម្លុះហាងលក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តយីឌុបធុនយក្សមួយគ្រឿង ដែលគេដឹងថា បើកបរដោយបុរសម្នាក់ រួមជាមួយស្ត្រីម្នាក់ បានដឹកឥវ៉ាន់សំពីងសំពោងសង្ស័យដឹកលើសចំណុះ ខណៈដល់ផ្លូវបែកជាបួន បួងចង្កូតមិនទាន់ជ្រុលទៅបុកទម្លុះចូលហាងលក់ទូរស័ព្ទមួយកន្លែង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យម្ចាស់ហាង និងអ្នកបើកបររងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ទុបចំការដូង តាមបណ្ដោយផ្លូវ២១៧កែង និងផ្លូវព្រៃសរ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីរនាក់បើករថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ តាកែវ 3A -1959 បានដឹកឥវ៉ានសំពីងសំពោងកំពស់ប្រហែល៥ម៉ែត្រ បានធ្វើដំណើរផ្លូវបេតុងព្រៃសរ ទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតមកខាងឆ្វេងឡើងផ្លូវ២១៧ តែដោយសារផ្ទុកលើសចំណុះមិនមកបាន ក៏បណ្ដាលឲ្យបុកទម្លុះចូលហាងលក់ទូរសព្ទ័លិចក្បាលរថយន្តបាត់តែម្ដង បណ្ដាលឲ្យរថយន្តបង្ក និងសម្ភារក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ ។

ដោយឃើញសភាពមិនស្រួល ប្ដីប្រពន្ធពីរនាក់ដែលបង្កហេតុខាងលើ បានទុករថយន្តចោលហើយគេចខ្លួនចេញពីកន្លែងកើតហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖