ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូហើយត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកបុកពេញទំហឹង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ កែង និងផ្លូវ២៥៥ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកសល់តែស្លាកលេខ ភ្នំពេញ 2Q 8848 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងបានជ្រុលទៅបុកម៉ូតូស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់ពីកើតទៅលិចពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជើងឆ្វេងម្ខាង ភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើកគេចបាត់ស្រមោលបន្សល់ទុកស្លាកលេខ និងកាងនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវសមត្ថកិច្ចទាក់ទងរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្ដោះអាសន្នសិន រង់ចាំក្រុមគ្រួសារមកដាក់ពាក្យប្ដឹងដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ