ភ្នំពេញ ៖ សិស្សសាលា២នាក់ជិះម៉ូតូមួយគ្រឿង ត្រូវបានរថយន្តមិនចាំម៉ាក បើកលឿនកៀរបណ្តាលឲ្យដួល កិនស្លាប់ម្នាក់ របួសស្រាលម្នាក់ នៅកន្លែងកើតហេតុ ចំណែករថយន្តបង្ក បើករត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លាប់នេះ បានកើតឡើងកាលថ្ងៃអង្គារ ០៧រោច ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង ០០ នាទី ត្រង់ចំណុចមុខរោងចក្រ MK លើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឃើញរថយន្តមួយគ្រឿង មិនចាំម៉ាកបើកបរក្នុវទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយមិនមានការប្រុងប្រយ័ត្ន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅប៉ះដៃចង្កូតម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-2041 ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត បើកបរក្នុងទិសដៅស្របគ្នាបណ្តាលឲ្យដួលរួចកិនស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ឋបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់ និងកិនអ្នកជិះម៉ូតូស្លាប់រួចមក អ្នកបើករថយន្តបានបន្ថែមល្បឿន គេចបាត់ស្រមោលតែម្តង ។
ជនរងគ្រោះមានឈ្មោះ ឆេន ផាត់យុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសស្រាល និងរួមដំណើរដោយឈ្មោះ ធីសុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស ស្នាក់នៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះទាំងពីរ ជាសិស្សរួមសាលានឹងគ្នា នៃសាលាវិទ្យាល័យទួលប្រាសាទសែនសុខ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យសិស្សសាលាវិទ្យាលទួលប្រាសាទ សែនសុខម្នាក់ស្លាប់ និងម្នាក់រងរបួសស្រាលត្រូវបញ្ជូនយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូរងការខូចខាតតិចតួច ។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងតាមស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយគ្នាតាមច្បាប់ ៕ ធឿនព្រែកជ័យ