ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារភ័យរថយន្តដេញបុក បើកម៉ូតូទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រ បើកដេញបុកម៉ូតូមួយគ្រឿង ធ្វើឲ្យបុរសអ្នកបើកម៉ូតូភ័យជ្រុលទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើង ស្លាប់នៅនឹងកន្លែង ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ សមត្ថកិច្ចថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ 1CP-2986 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខ បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដេញបុក ធ្វើឲ្យជនរងគ្រោះភ័យស្លន់ស្លោរ ជិះទៅបុកសួនច្បារចែកផ្លូវពេញទំហឹង ហោះបោកក្បាលនឹងបង្គោលភ្លើង បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង ហើយរថយន្តបង្កបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងសមត្ថកិច្ចជំនាញចរាចរចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ នឹងប្រគល់ឲ្យទៅវិញ ហើយសពរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងទាក់ទងទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖