ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ម៉ូតូបុកនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់នៅកន្លែង ម្នាក់ទៀតស្លាប់ បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងរងរបួសធ្ងន់២នាក់ទៀត កំពុងសង្រ្គោះបន្ទាន់ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហម ស្ថិតនៅចំណុចស្ពានក្រឡាញ់ ភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ បុក ម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យ ស្លាប់២នាក់ និងរបួសធ្ងន់២នាក់ ខូចខាតម៉ូតូ០២គ្រឿង ទី១ ម៉ូតូហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1F.4954 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ ធឿន ណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិ ឃុំកើតហេតុខាងលើ ស្លាប់នៅមណ្ឌលសុខភាពមានជ័យ ស្រុកសណ្តាន់ មិនពាក់មួកសុវត្ថិភាព ។ ទី២ ម៉ូតូម៉ាកហុងដាឌ្រឹម C125ពណ៌ខ្មៅ ផ្លាកលេខពោធិ៍សាត់1C.5919 បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ កែវ វិសិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព អ្នករួមដំណើរជាមួយចំនួន២នាក់ ១-ឈ្មោះ ហ៊ុយ ខួច ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។ ២-ឈ្មោះ ម៉ូង បូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ។

មូលហេតុបង្កឡើងអ្នកបើកបរម៉ូតូស្លាកលេខ កំពង់ធំ 1F.4954 ឈ្មោះ ធឿន ណាង បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យកំពង់ធំ និងប្រមូល វត្ថុតាងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យរង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសាកសពជនរងគ្រោះទាំង២ សាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖