ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះបន្ទប់ជាន់ទី៩ សណ្ឋាគារសាង៉ាំរីសត បណ្តាលឲ្យកម្មករ៥នាក់រងរបួស

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់អគ្គិភ័យ មួយកើតឡើងនៅសណ្ឋាគារសាង៉ាំរីសត កាលពីវេលាម៉ោង២២និង២៥នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យកម្មករ៥នាក់រងរបួស ។

ភ្លើងឆេះបន្ទប់កំពុងសាងសង់ ដែលមានដាក់សាំងក្រអូប បេអិល តូអា សម្រាប់លាបគ្រឿងសង្ហារឹម ជាច្រើនធុង នៅជាន់ទី៩ នៃសណ្ឋាគារសាង៉ាំរីសត ដោយមូលហេតុ ទុស្សេខ្សែភ្លើង ក៏រាលឆាបឆេះតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា កម្មករដែលរងរបួសចំនួន៥នាក់ ឈ្មោះ ប៉ាក ហូ ភេទប្រុសអាយុ១៩ឆ្នាំ កម្មករក្នុងក្រុមហ៊ុន រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង, ឈ្មោះ ស្រង់ វន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង , ឈ្មោះ ឈួយ វ៉ាន់ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឃុំខាងលើ , ឈ្មោះ ជឿន សុភា ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មកររស់នៅភូមិ ឃុំខាងលើ និងឈ្មោះ ចាន់ ពិសី ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករ រស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

ក្នុងករណីខាងលើនេះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចំនួន ២០ នាក់ រថយន្តពន្លត់អគ្គិភ័យ ០១ គ្រឿង រួមជាមួយកងកម្លាំងចម្រុះ ដឹកនាំដោយ លោកអភិបាលស្រុក ជួយអន្តរាគមន៍ និងបានប្រើប្រាស់ទឹករបស់សណ្ឋាគារបាញ់ពន្លត់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង២៣-៣០ នាទី ។ ក្នុងនោះ បណ្តាលឲ្យសន្លប់កម្មករក្រុមហ៊ុនចំនួន ៥ នាក់ ប្រុស ដែលចូលទៅពន្លត់ហើយឈ្លក់ផ្សែងខ្លាំងពេក និងបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុក បច្ចុប្បន្នបានធូរស្រាលវិញហើយ និងឆេះខូចខាតបន្ទប់បន្តិចបន្តួច ព្រមទាំងសម្ភារមួយចំនួន ។

លុះមកដល់ម៉ោង ២៤-៣០នាទី លោក ប៉ែ កុសល្យ អភិបាលខេត្ត អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរង បានចុះមកពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ក្នុងឱកាសចុះសាកសួរសុខទុក្ខជនរងគ្រោះ លោកអភិបាលខេត្តឧត្តរមានជ័យ បានឧបត្ថម្ភ ក្រុមគ្រូពេទ្យដែលប្រចាំការនៅពេលយប់ ទឹកប្រាក់ចំនួន១លានរៀលផងដែរ ៕ ប៉ែន នួន


ចែករំលែក៖