ខេត្តរតនគិរី៖ គំនរឈើខុសច្បាប់ជាច្រើនកំណាត់ ដែលក្រុមឈ្មួញកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃអភិរក្ស យកមកលាក់ទុក បម្រុងដឹកបន្តទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តរតនគិរី ចុះបង្ក្រាប និងរិបអូស ក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទើបតែចូលកាន់តំណែងថ្មីៗនេះ ។
ប្រតិបត្តិការបង្ក្រាបឈើខុសច្បាប់ខាងលើនោះ បានធ្វើឡើងនៅវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
ប្រភពពីសមត្ថកិច្ចចុះបង្ក្រាបបានឲ្យដឹងថា ឈើដែលការបង្ក្រាប និងរឹបអូសបាននោះ ជាឈើគគី និងឈើកកោះហើយ កម្លាំងអាវុធហត្ថខេត្តបានធ្វើការដឹកជញ្ជូនយកមករក្សាទុក និងធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ចាត់ការបន្តតាមនីតិវិធី នៃច្បាប់ព្រៃឈើ ៕ ជីវន្ត័