ព័ត៌មានទាន់ហេតុការណ៍៖

ប្រជានេសាទព័ទ្ធចោរទន្លេប្រគល់ជូននគរបាលស្រុកកណ្ដៀងបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនសង្ស័យជនជាតិវៀតណាមជាចោរយ៉ាងសកម្មប្រចាំបឹងទន្លេសាប ២នាក់ ត្រូវបានប្រជានេសាទ និងប្រជាការពារភូមិព័ទ្ធចាប់ប្រគល់ជូននគរបាលចាត់ការ នៅគ្រាដែលជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជាក់ស្ដែង ។

ប្រត្តិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាបត្រង់ចំណុចអតីតឡូត៍លេខ៣ ស្ថិតក្នុងភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលរាំងទិលឃើញថា ជនសង្ស័យត្រូវឃាត់ខ្លួនទី១ ឈ្មោះ តាវ យាំុងថាញ់ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម និងទី២ ឈ្មោះ ឡេ យាំុងភឿកលិន ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន អ្នកទាំងពីស្នាក់នៅផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងដកហូតរួមមានវត្ថុតាងរួមមាន មធ្យោបាយកាណូតចំនួន ១គ្រឿងម៉ាស៊ីនម៉ាក ហុីយ៉ាន់ដាយ កំលាំង ១៤សេះ សំបកស្មាច់ ពណ៏ខៀវ ប្រវែង ០៦ម៉ែត្រ និងមងក្រឡា១.៤ហ៊ុនចំនួន ១០ដៃ ប្រវែង ១.០០០ម៉ែត្រ។

ក្នុងរបាយការណ៍ខាងលើបន្តថា ជនសង្ស័យទាំង ២នាក់បានធ្វើសកម្មភាពលួចស្រាវយកមងដាក់លើការណូតរបស់ខ្លួន របស់ម្ចាស់មងឈ្មោះ មៀង យាំុងចៀង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាមដូចគ្នា ស្នាក់នៅភូមិ.ឃុំកើតហេតុខាងលើ អស់ចំនួន ១២៥ដៃ ដោយឃើញជនសង្ស័យកំពុងធ្វើសកម្មភាពបែបនេះ ទើបទូរស័ព្ទរាយការណ៍ប្រាប់កម្លាំងប្រជាការពារភូមិ មកឡោមព័ទ្ធចាប់បានតែម្ដង។

របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យបានបំពេញសំណុំឯកសារបញ្ជូនទៅជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងចាត់ការបន្ត ចំណែកវត្ថុតាងកាណូត និងមងរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរាំងទិល៕ ប៉ឹម ពិន


ចែករំលែក៖