មិនស្ងាត់ឡើយនៅស្ទឹងកំបុត ស្ថិតក្នុងភូមិ-ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវតែងតែឮសំឡេងហ៊ោកញ្ជ្រៀវពីហ្វូងអ្នកលេងល្បែងស៊ីសងច្រើនប្រភេទ ។ មិនលាក់លៀមទេ គឺគេលេងដោយចំហរ រីឯអធិការនគរបាលស្រុកអង្គរបុរី លោក ភី ឆុន ក៏មិនហាមឃាត់អ្វីដែរ ។ នៅគ្រាដែលលោកអធិការមិនហាមឃាត់ ថ្នាក់លើរបស់លោក ពោលគឺលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏ធ្វើជាមិនដឹងមិនឮតាមគ្នានោះដែរ ។ ភាពមិនដឹងមិនឮនោះ នាំឲ្យប្រជាពលរដ្ឋគិតថា លោកស្នងការបានទទួលលាភសក្ការពីវង់ល្បែងនៅទីតាំងខាងលើនោះហើយ ។
ប្រភពបានរាយការណ៍ថា ថៅកែវង់ល្បែងបានរៀបចំយ៉ាងរៀបរយឲ្យមានល្បែងស៊ីសងនៅកន្លែងតែមួយ ងាយគ្រប់គ្រងនោះគឺមានទាំង យូគី, បៀ, អាប៉ោង, ជល់មាន់ និងកត់កន្ទុយលេខ ។ បើគិតទៅវាមិនចាញ់កាស៊ីណូស្របច្បាប់ប៉ុន្មានទេ ប៉ុន្តែគឺលើសទៀតផង ពីព្រោះនៅទីនេះ មានទាំងកន្លែងកត់កន្ទុយលេខគ្រប់ប្រភេទ ។ មន្ត្រីនគរបាលថ្នាក់តូចម្នាក់អះអាងថា ការធ្វើយ៉ាងនេះដើម្បីងាយគ្រប់គ្រងអំពីបញ្ហាល្បែងគឺមូលតែមួយកន្លែង មានទាំងបៀ អាប៉ោង ជល់មាន់… មិនឲ្យប្រជាពលរដ្ឋយើងខ្វល់ខ្វាយចំណាយពេលវេលាទៅណាឆ្ងាយនោះទេ គឺចូលតែមួយកន្លែងបានលេងគ្រប់មុខល្បែង ។
លោកភី ឆុន អធិការនគរបាលស្រុកអង្គរបុរីត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចអះអាងថា បានជួយសម្របសម្រួលឲ្យដំណើរការវង់ល្បែងស៊ីសងនេះប្រព្រឹត្តទៅដោយរលូន ដោយមានរបៀបរបបត្រឹមត្រូវ ពោលគឺមិនច្រើនកន្លែងនាំឲ្យប្រជាពលរដ្ឋអ្នកចង់លេងពិបាកនោះឡើយ ។ រីឯប្រជាពលរដ្ឋអ្នកដែលនិយមលេងល្បែង ក៏បានសម្តែងនូវការសាទរចំពោះលោកអធិការស្រុកដែលចេះរៀបចំឲ្យមានវង់ល្បែងសម្រាប់ប្រជាពលរដ្ឋលេងដោយសុវត្ថិភាពនេះ ។ គេមិនដឹងថា លោកស្នងការនគរបាលខេត្តតាកែវបានចេញគោលនយោបាយយ៉ាងណាសម្រាប់ឲ្យបណ្តាអធិការស្រុកនានា លើកកម្ពស់វិស័យល្បែងនោះទេ ៕