ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ជីវិត​សន្តិសុខ​មន្ទីរពេទ្យកាល់ម៉ែត ស្លាប់ទទេៗ

ចែករំលែក៖

បើទោះបីជាដឹងថា សន្តិសុខមន្ទីរពេទ្យកាល់ម៉ែត​ចងកសម្លាប់ខ្លួន ដោយសារតែ​ខូចចិត្ត​ចំពោះអង្គភាព​របស់ខ្លួន​បញ្ឈប់​ពីការងារ ក៏មកដល់ពេលនេះ គ្មានឡើយការស៊ើបអង្កេត​ដើម្បីរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា វា​មិន​ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនទេ គឺខាងក្រុមហ៊ុន​សន្តិសុខឯកជនជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខ្ញុំបាទគិតថា បើ​នៅ​ស្រុកគេ មុខជាមានការស៊ើបអង្កេត​ឲ្យបានល្អិតល្អន់ ព្រោះជីវិតមនុស្ស​មិនមែនស្លាប់ទទេៗ យ៉ាងនេះទេ ។

ខាងសន្តិសុខឯកជនទទួលស្គាល់​អំពី​ការដែលខ្លួន​បានផ្លាស់ប្តូរជនរងគ្រោះ​ពីការយាមផ្នែកខាងក្នុង​ឲ្យមកធ្វើការខាងក្រៅ ។ មិនតែប៉ុណ្ណោះ ថែមទាំងបញ្ជាក់ថា ករណីស្លាប់របស់ឈ្មោះ ឃឹម សុខា មិនពាក់ព័ន្ធនឹងមន្ទីរពេទ្យ​កាល់ម៉ែត​នោះទេ ។ ករណីនេះ វាជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់ថា មានក្រុមហ៊ុនសន្តិសុខឯកជន​ជាអ្នក​ទទួលរ៉ាប់រង​មើលការខុសត្រូវលើការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ លោក ថន ពិសិដ្ឋ ប្រធានក្រុមសន្តិសុខ (ក្រុមហ៊ុនផ្តល់សេវាសន្តិសុខ​ សណ្តាប់ធ្នាប់ និងរក្សាយានយន្ត) តើមានចុះបញ្ជីត្រឹមត្រូវនៅក្រសួង​មហាផ្ទៃឬទេ? ករណីនេះ គួរតែមានការស៊ើបអង្កេត​ចំពោះក្រុមហ៊ុនរបស់លោក ថន ពិសិដ្ឋ ឲ្យបាន​ស៊ីជម្រៅថា តើវាជាក្រុមហ៊ុន ដែលមានការទទួលខុសត្រូវកម្រិតណា?

ក្នុងនាមប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំបាទ គ្រាន់តែប្រាថ្នាចង់ឃើញឲ្យមានការទទួលខុសត្រូវចំពោះ​មរណភាព​ខាងលើ ក៏ដូចជាមរណភាពដទៃ​ទៀត ។ ជីវិតមនុស្ស​មិនមែនត្រូវស្លាប់ទទេៗ ដូចករណីលោក ឃឹម សុខា នេះទេ ។ ជាការពិតហើយ មន្ទីរពេទ្យ​កាល់ម៉ែត​បានបដិសេធចំពោះ​បញ្ហាផ្ទៃក្នុងរបស់បញ្ហាសន្តិសុខ ដែលខ្លួន​បានជួលមកយាមកាមនោះ ។ ដូច្នេះ ក្រសួងមានសមត្ថកិច្ច​ត្រូវចាប់ផ្តើម​ស៊ើបអង្កេតពីលោក ថន ពិសិដ្ឋ ដែលជា​ថ្នាក់ដឹកនាំក្រុមហ៊ុនសន្តិសុខឯកជននេះថា តើ​មានច្បាប់ទម្លាប់ត្រឹមត្រូវឬទេ? ជាបន្តទៀត ទើបអាច​ស្រាវជ្រាវរកមូលហេតុនៃការធ្វើអត្តឃាតរបស់​លោក ឃឹម សុខា ។ ករណីជីវិតមនុស្សមិនគួរត្រូវបានទុកចោលដោយស្ងាត់ស្ងៀម គ្មានអ្នកទទួលឲ្យពិតប្រាកដយ៉ាងនេះទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖