ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿង បុកគ្នា ស្លាប់ម្នាក់ របួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវជនម្នាក់ស្លាប់ និងប្រុស ស្រី២នាក់ ទៀត រងរបួសធ្ងន់ ស្រាល ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់រវាងម៉ូតូ និងម៉ូតូបើកបរបញ្ច្រាសគ្នាលាន់ ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ពីវេលាម៉ោង៧ព្រឹក ស្ថិតលើផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនដែលស្លាប់ មានឈ្មោះ វ៉ា សុភា អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកហាងចិន និងអ្នករួមដំណើរត្រូវជាម្ដាយដែលរងរបួសមានឈ្មោះ គឹម សុភាព អាយុ៤០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិដូនលែប ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខណៈជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើកម៉ូតូបង្កហេតុដែលរងរបួសធ្ងន់មានឈ្មោះ គល់ បញ្ញា អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១E ២៧៨២ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានយុវជនម្នាក់ បានជិះម៉ូតូមួយ គ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១E ២៧៨២ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុក នឹងម៉ូតូមួយគ្រឿង ជិះគ្នា២នាក់ ម្ដាយ និងកូនទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងកន្លែងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ចំណែកអ្នកជិះម៉ូតូបង្កហេតុ ដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនបន្តទៅប្រទេសវៀតណាមភ្លាមៗ ខណៈម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយពេលក្រោយ ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល និងសោកសង្រេងបំផុត ៕ យឹម សុថាន


ចែករំលែក៖