ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជនឃុំអរិយក្សត្រផ្ទុះការតវ៉ា ខណៈមន្ត្រីអាជ្ញាធរចុះធ្វើបណ្ណកម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគាត់ បែរជាឃុបឃិតគ្នាបន្លំឯកសារផ្ទេរកម្មសិទ្ធិដីរបស់ពួកគាត់ ជូនឧកញ៉ា ភឺន ផល្លា ទៅវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្របពេលហាងឆេងដីធ្លីហត់ឡើងខ្ពស់ ឃើញថាមួយរយៈនេះបញ្ហាជម្លោះដីធី ការរំលោភបំពាន ការឃុបឃិតគ្នាលក្ខណះប្រព័ន្ធរវាងអាជ្ញាធរ ជំនាញ និងឈ្មួញ ក្លាយជារឿងពុករលួយ ឈានដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព នៃកម្ពុជា បានសម្រេចដកតំណែងជនពាក់ព័ន្ធជាបន្តបន្ទាប់។ ដោយឡែកករណីជាក់ស្តែងរឿងរំលោភយកដីពីនាយទុន ឃុបឃិតគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ បានកើតមាននៅឃុំអរិយក្សត្រ រហូតដល់ប៉ុន្មានថ្ងៃនេះមានប្រជាជន ភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាជ្រួលច្របល់ និងផ្ទុះការតវ៉ាដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ ទៅអាជ្ញាធរខេត្ត និងសូមឲ្យសម្ដេចតេជោនាយករដ្ឋមន្ត្រីជួយពួកគាត់ ខណៈមន្ត្រីអាជ្ញាធរភូមិ ឃុំ និងស្រុកឃុបឃិតគ្នា បន្លំឯកសារស្នាមមេដៃរបស់ពួកគាត់ផ្ទេរកម្មសិទ្ធិ ដីរបស់ពួកគាត់ទៅឲ្យបុគ្គលឈ្មោះ ភឺន ផល្លា ដែលគេអះអាងថា មានងារជាឧកញ៉ាសំបូររឿងអាស្រូវដីធ្លីនោះបំផុត ប៉ះពាល់ជាមួយប្រជាជន ខណៈបុគ្គលរូបនេះមានជំនាញ ធ្វើឯកសារជាមួយអាជ្ញាធរ មន្ត្រីជំនាញ ពីដីមិនស្របច្បាប់ ក្លាយជាស្របច្បាប់ ដោយសារអំណាចទឹកលុយជះ។

ថ្មីៗនេះមានតំណាងប្រជាពលរដ្ឋដែលមានចំនួនរាប់រយគ្រួសារ មានទីលំនៅជាប់ខាងលិចផ្លូវជាតិលេខ៣៨០ បានរៀបរាប់ប្រាប់អ្នកសារព័ត៍មាន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននៅក្នុងវត្តបន្ទាយ ទីដែលពួកគាត់ជួបជុំគ្នាដើម្បីតវ៉ា បានឲ្យដឹងថា ៖ដីរបស់ពួកគាត់គឺជាដីភូមិរស់នៅតាំងពីសង្គមចាស់មកម្ល៉េះ ដោយខាងមុខជាប់នឹងផ្លូវជាតិលេខ៣៨០ ខាងក្រោយជាប់នឹងអូរធម្មជាតិដែលដីអូរនេះ ក៏ពួកគាត់គ្រប់គ្រង និងអាស្រ័យផលទៅតាមទំហំក្បាលដីរៀងៗខ្លួន ពេលខែវស្សាទឹកទន្លេឡើងលិច ហើយខែប្រាំងទឹកស្រកទៅវិញ ពួកគាត់ក៏ធ្វើចំការនៅលើដីអូរនេះគ្មានទោមនស្សអ្វីឡើយ និងជាទម្លាប់ការអាស្រ័យផលរបស់ពួកគាត់រៀងៗខ្លួន។

ផ្ទុយទៅវិញស្រាប់តែនៅឆ្នាំ២០១៦ មេភូមិរបស់ពួកគាត់ (ភូមិអរិយក្សត្រ និងភូមិខ្សាច់) បានដើរប្រាប់ពួកគាត់ឲ្យត្រៀមឯកសារដោយអាជ្ញាធរ នឹងរត់ការធ្វើបណ្ណកម្មសិទ្ធិដីលំនៅដ្ឋានជូនពួកគាត់។

តំណាងប្រជាជនបានបញ្ជាក់ទៀតថា៖ បន្ទាប់មកមេភូមិក៏ប្រមូលប្រជាពលរដ្ឋឲ្យទៅបំពេញឯកសារ និងផ្ដិត មេដៃលើលិខិតស្នើសុំបណ្ណកម្មសិទ្ធិ តែលោកមេភូមិបានបង្កប់ឯកសារផ្ទេរកម្មសិទ្ធិ នៅក្នុងឯកសារស្នើសុំបណ្ណកម្មសិទ្ធិ និងបានបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើក្រដាសឯកសារដែលមិនទាន់សរសេរបំពេញក្រោមលេសថា មនុស្សច្រើនសរសេរមិនទាន់ទេ ផ្ដិតតែមេដៃ និងសរសេរឈ្មោះទុកសិនទៅ ចាំគាត់សរសេរឯកសារ បំពេញឲ្យ។ ចំណែកប្រជាពលរដ្ឋដោយសារទុកចិត្តមេភូមិ ដែលជាអ្នកចាស់ទុំក្នុងស្រុកក៏ព្រមផ្ដិតតែមេដៃ និងសរសេរឈ្មោះពីក្រោមរៀងៗខ្លួន ហើយប្រគល់ឯកសារនោះទៅឲ្យមេភូមិយកទៅសរសេរបំពេញបន្ត។

ករណីនេះបែរជាធ្លាយឯកសារដែលពួកគាត់ផ្ដិតមេដៃ ដើម្បីធ្វើបណ្ណកម្មសិទ្ធិនោះទៅជាឯកសារយល់ព្រមផ្ទេរ កម្មសិទ្ធិដីរបស់ពួកគាត់នៅផ្នែកខាងក្រោយ ទៅឲ្យឈ្មោះ ភឺន ផល្លា ដែលគេស្គាល់ថាជាឈ្មួញរកស៊ីដីធ្លីទៅវិញ។

ប្រជាជនបានបន្ថែមថា៖ តាមពិតដីរបស់ពួកគាត់នៅផ្នែកខាងក្រោយសុទ្ធតែជាប់នឹងអូរធម្មជាតិទាំងអស់ ហើយនៅផ្នែកម្ខាងទៀតនៃអូរ គឺជាដីកម្មសិទ្ធិរបស់គេផ្សេងៗទៀត តែពេលឯកសារផ្ទេរកម្មសិទ្ធិដីពីឈ្មោះពួក គាត់ទៅឈ្មោះ ភឺន ផល្លា គឺអត់មានឃើញដីអូរធម្មជាតិនោះឡើយ គឺមានតែក្បាលដីខាងក្រោយជាប់ដីឈ្មោះ ភឺន ផល្លា ហើយដីរបស់ឈ្មោះភឺន ផល្លា គឺលេបត្របាក់យកកន្ទុយដីរបស់ពួកគាត់ រួមទាំងលេបយកដីអូរធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋទាំងស្រុងតែម្ដង។ ចំណុចនេះទាំងអាជ្ញាធរ មន្ត្រីជំនាញ ព្រមទាំងឧកញ៉ា សំបូររឿងអាស្រូវបញ្ហាដីធ្លីឈ្មោះ ភីន ផល្លា ត្រូវប្រឈមបទល្មើសព្រហ្មទណ្ឌ ខណៈយកដីអូធម្មជាតិធ្វើជាកម្មសិទ្ធផ្ទុយពីច្បាប់ភូមិបាល។

ឥឡូវនេះ ប្រជាជនទាំងអស់បាននាំគ្នា ធ្វើពាក្យបណ្ដឹងទៅអភិបាលខេត្តកណ្ដាល ដើម្បីសុំមោឃភាពចោលនូវលិខិតស្នើសុំផ្ទេរកម្មសិទ្ធិលិខិតស្នើសុំបណ្ណកម្មសិទ្ធិដែលពួកគាត់បានផ្ដិតមេដៃ ក្រោមការបន្លំខ្លឹមសារលិខិតដែល ឯកសារទាំងអស់នេះមានចុះហត្ថលេខាពីមេភូមិ មេឃុំ និងអាជ្ញាធរស្រុករួចហើយ។

មន្ត្រីខ្លះបានលើកឡើងថា៖ ករណីនេះគឺជាអំពើឃុបឃិតគ្នាជាប្រព័ន្ធនៅក្នុងចំណោមឈ្មួញ និងមន្ត្រីអាជ្ញាធរខិលខូចមួយចំនួន ដើម្បីលេបយកដីប្រជាពលរដ្ឋផង លេបយកដីអូរសាធារណៈរបស់រដ្ឋផង ខណៈដីនៅតំបន់នោះកំពុងឡើងថ្លៃ១ហិកតា ៣ទៅ៤លានដុល្លារឯណោះ។

មន្ត្រីដែលធ្លាប់ដឹងរឿងខាងលើបានលួចធ្លោយបន្ថែមថា៖ ដើម្បីលេបយកដីអូរសាធារណៈរបស់រដ្ឋ និងកន្ទុយដីរបស់ប្រជាពលរដ្ឋដែលនៅជាប់អូរបាន គឺពួកគេឃុបឃិតគ្នាបំភ័ន្តភ្នែកប្រជាជនថា អាជ្ញាធរ និងសប្បុរសជនចេញ លុយធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដោយកំណត់ដីប្រជាពលរដ្ឋពីផ្លូវជាតិទៅក្រោយមានចំងាយ៥០ម៉ែត្រ ហើយបើធ្វើប្លង់ត្រូវកាត់ចំណីផ្លូវជាតិ១៥ម៉ែត្រ ហើយខាងក្រោយ កាត់ចំណីអូរ១០ម៉ែត្រ។

ដូច្នេះដីប្រជាពលរដ្ឋនៅសល់ក្នុងបណ្ណកម្មសិទ្ធិបណ្ដោយ២៥ម៉ែត្រ ហើយកន្ទុយដីនៅនៅសល់ពីក្នុងបណ្ណកម្មសិទ្ធិ ប្រជាជនយល់ព្រមផ្ទេរទៅឲ្យឈ្មោះ ភឺន ផល្លា ដើម្បីអាជ្ញាធរបានជាលេសយកដីអូរសាធារណៈ របស់រដ្ឋផ្ដល់បណ្ណកម្មសិទ្ធិឲ្យទៅឈ្មោះ ភឺន ផល្លា ព្រោះតែដីឈ្មោះ ភឺន ផល្លា សរសេរថាខាងកើតជាប់ ដីប្រជាពលរដ្ឋដែលនៅជាប់ផ្លូវជាតិលេខ៣៨០ ខាងត្បូង និងខាងជើងជាប់ដី ភឺន ផល្លា (តាមពិតជាដីបណ្ដោយអូរពីត្បូងទៅជើង)និងខាងលិចជាប់នឹងដីប្រជាពលរដ្ឋ តាមពិតជាដីរបស់ប្រជាពលរដ្ឋនៅម្ខាងទៀតនៃអូរតែប៉ុណ្ណោះ។

មន្ត្រីបានគូសបញ្ជាក់ថា៖ មូលហេតុដែលគេឃុបឃិតគ្នាធ្វើដូច្នេះ គឺដើម្បីបន្លំកុំឲ្យថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងរាជរដ្ឋាភិបាលដឹងនាំ ឲ្យបែកទឹកលុយតែប៉ុណ្ណោះ ព្រោះបើយកដីអូរសាធារណៈរបស់រដ្ឋទៅលក់ និងផ្ដល់បណ្ណកម្មសិទ្ធិឲ្យឈ្មួញ គឺអាជ្ញាធរត្រូវស្នើសុំទៅរាជរដ្ឋាភិបាល ធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋជាមុនសិនទើបអាចប្រគល់ និងចេញបណ្ណកម្មសិទ្ធិឲ្យឯកជនបាន តែបើគេបន្លំឯកសារប្រជាពលរដ្ឋ ជាម្ចាស់ផ្ទេរកម្មសិទ្ធិឲ្យ មានន័យថាគេបំភ័ន្តផ្នែកផ្លូវច្បាប់លប់បំបាត់ដីអូរសាធារណៈ ចោលតែម្ដងមិនបាច់ស្នើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងឲ្យធ្វើអនុបយោគដីសាធារណៈ របស់រដ្ឋនោះឡើយ ហើយត្រឹមថ្នាក់ខេត្តគេអាចចេញបណ្ណកម្មសិទ្ធិឯកជនតែម្ដង។

អ្នកដឹងរឿងនេះបានធ្លោយថា ដីអូរដែលមានចាប់ពីមុខវត្តអរិយក្សត្រ រហូតទៅដល់មុខវត្តខ្សាច់នោះ មានប្រវែងរាប់គីឡូម៉ែត្រសរុបជាផ្ទៃដីវិញជាង១០ហិកតាឯណោះ ហើយ ធ្វើលេខគុណសាកមើលទៅ ១ម៉ែត្រការ៉េតម្លៃទាបបំផុត៣០០ដុល្លារ ជាង១០ហិកតា តម្លៃមិនជាង៣០លានដុល្លារទៅហើយទេ។

ពាក់ព័ន្ធការលើកគ្នាតវ៉ាខាងលើនេះ ប្រជាជន បានចោទប្រកាន់ដល់មេភូមិៗ និងលោក ឌុច ចាន់ មេឃុំអរិយក្សត្រ បានផ្តើមគំនិតបោកយកស្នាមផ្តិតមេដៃប្រជាជន ពីស្នើសុំធ្វើបណ្ណកម្មសិទ្ធជូនប្រជាជន ទៅជាស្នាមផ្តិតមេដៃប្រជាជនផ្តិតលក់អូធម្មជាតិទៅឲ្យលោកឧកញ៉ា ភីន ផល្លា ទៅវិញ។

បញ្ហានេះបើសិនអាជ្ញាធរខេត្ត ខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត មិនបានពាក់ព័ន្ធរឿងផលប្រយោជន៍ទេ គួបើកការស្រាវជ្រាវ រកឲ្យឃើញពីអ្នកផ្តើមគំនិត អ្នករួមគ្នាឃុបឃិតជាប្រព័ន្ធត្របាក់លេបយកដីអូធម្មជាតិ ហើយយកមេដៃប្រជាជនជាខែលបន្លំឯកសារ និងផ្តល់ភាពយុត្តិធម៍ជូនប្រជាជន ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលផង ពិសេសសម័យប្រទេសគ្រប់គ្រងដោយច្បាប់ហើយ កុំបណ្តោយឲ្យជនឆក់ឱកាសរំលោភយកដីរដ្ឋ ដីប្រជាជនឆៅៗពេក។

ពាក់ព័ន្ធករណីខាងលើ អង្គភាព «នគរវត្ត»មិនអាចទាក់ទេបានមេភូមិអរិយក្សត្រ មេភូមិខ្សាច់ និងមេឃុំអរិយក្សត្រ ក៏ដូចជាឧកញ៉ា កំពូលសំបូររឿងអាស្រូវដីធ្លី ភីន ផល្លា នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺ៕ សុខ ខេមរា


ចែករំលែក៖