ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះអនុវត្តន៍ធម៌ក្តៅចុះបង្ក្រាប ទីតាំងកែឆ្នៃឈើខុសច្បាប់ ពីរកន្លែង តែនៅសល់ច្រើនកន្លែងទៀត ដឹងខ្លួនមុន រើលាក់ទុកសិន ស្ងាត់ៗ ចាំដំឡើងៗវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ទីតាំងកែច្នៃឈើខុស ច្បាប់ជាច្រើនកន្លែង ជាក់ស្តែង មាន២កន្លែងត្រូវបាន កម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ ដឹកនាំដោយលោកវរសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាប និងរឹបអូសឈើបាន ប្រមាណជាង ១០ ម៉ែត្រគូប ។

ប្រតិបត្តិការ ចុះបង្ក្រាបរោងសិប្ប កម្មកែច្នៃឈើខុសច្បាប់នេះ បានធ្វើឡើងកាលពី ព្រឹក ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឲ្យដឹងថាៈ ទីតាំងកែច្នៃឈើខុស ច្បាប់ខាងលើនេះបាន ធ្វើសកម្មភាពជាយូរណាស់មកហើយ នៅក្រោយភូមិវាលដេញ បន្ទាប់ពីសមត្ថកិច្ច ចុះស្រាវជ្រាវរកឃើញថា សកម្មភាពកែច្នៃឈើខុសច្បាប់ដោយគ្មានការ អនុញ្ញាត ពីជំនាញនោះ កម្លាំងរបស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយរដ្ឋ បាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានចុះបង្ក្រាបរិបអូស តែម្តង ។

លោកវរសេនិយ៍បានបន្តទៀតថា ក្នុងការចុះបង្ក្រាប នេះ រកឃើញឈើជាច្រើន ប្រភេទដូចជាឈើគគីរ ផ្ចឹក សុក្រំ ដួងចែម ដែលក្រុមឈ្មួញបាន អារ ជាសន្លឹកៗ ដែលមានមុខកាត់ចាប់ ពី២០សង្ទីម៉ែត្រ ទៅ៣០សង្ទីម៉ែត្រ ហើយរហូតដលទៅ់ ៦០សង្ទីម៉ែត្រ កម្រាស់៥ហ៊ុន ដែលគេកែច្នៃជាសន្លឹក ទ្វារ និងបង្អួចដឹកជញ្ជូន តាមរថយន្តសាំយ៉ុង ទៅកាន់ទីផ្សារតាម គោលដៅ ភាគច្រើនទៅកាន់ រាជធានីភ្នំពេញ ។

លោកបានបញ្ជាក់បន្ថែមថា ឈើទាំងពីរទីតាំងនេះ ត្រូវបានក្រុមឈ្មួញកាប់ ទន្ទ្រានព្រៃឈើ របស់រដ្ឋ អារពុះច្រៀកយកមកទុកជាច្រើនគំនរ នៅតាមរោងសិប្បកម្ម ជាប្រភេទឈើលេខ១ និងឈើលេខ២ ក្រោយការបង្ក្រាបត្រូវ បានប្រគល់ទៅឲ្យកម្លាំង រដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ប្រមូល និងដឹកជញ្ជូន យកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើ សំអាងដើម្បីបន្តចាត់ការទៅតាមនីតិវិធី។

គួររំលឹកថា ការបង្ក្រាបសិប្បកម្ម កែច្នៃឈើខុសច្បាប់ទាំងពីរកន្លែងខាងលើ មិនត្រូវបានឃាត់ខ្លួន ជនណាម្នាក់ ដែលជាម្ចាស់សិប្បកម្ម ឬក៏ហៅម្ចាស់នោះមកធ្វើកិច្ចសន្យាបញ្ចប់ ឬក៏ផាក់ពិន័យទៅតាមច្បាប់នោះទេ គ្រាន់តែរិបអូសឈើខូចៗ អន់ៗ ប្រើការមិនកើត ដែលគេទុកឲ្យច្បាប់រិបអូសចុះ ព្រោះគេធ្វើនេះ ធ្វើទៅតាមការណែនាំ របស់ជំនាញ ដែលគេធ្លាប់បង់ជាថ្ងៃ ជាខែ តែប៉ុណ្ណោះ ។

គួរឲ្យហួសចិត្តនោះសិប្ប កម្ម ជាច្រើនកន្លែងនៅ ក្នុងឃុំខាងលើ ហាក់បីដូចជាដឹងខ្លួនមុន មុនពេលកម្លាំងចម្រុះចុះទៅដល់ ត្រូវបានឈ្មួញទាំងនោះ បានដោះម៉ាស៊ីន សម្ភារគ្រឿងកែឆ្នៃឈើខុសច្បាប់ទាំងអស់នោះ រួមទាំងឈើល្អៗ ត្រូវបានដឹកយកទៅលាក់ទុកអស់នៅកន្លែងផ្សេង ជាក់ស្តែងនៅសល់តែឈើខូចៗជាច្រើន ពិតណាស់ដូចពាក្យចាស់ពោលថាៈ ចង់ចាប់ពស់ កុំវៃស្មៅបង្អើលពស់ តើវៃបង្អើលហើយចាំអីទៀតមិនរត់ ធ្វើនេះគ្រាន់តែល្អមើលទេ បង្ក្រាបបានតែសិប្បកម្មតូចតាច ចំណែកសិប្បកម្មធំៗ មិនត្រូវបានបង្ក្រាបនៅឡើយទេ ព្រោះគេដឹងខ្លួនមុន ទុកគ្រាន់ចិញ្ចឹមឆ្នាំងបាយបន្ត ៕ មាស សុផាត


ចែករំលែក៖