ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញសួរ សុខទុក្ខ កងកម្លាំង ប្រដាប់អាវុធ ទាំង៣ប្រភេទ នៅយោធភូមិភាគ ទី១

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី និងនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត អមដំណើរផងដែរ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមក្នុងពិធីនេះ រួមទាំងអភិបាលក្រុង និងស្រុក ទាំង៥ និងមន្ទីរជុំវិញខេត្ត ចូលរួមផងដែរ ។

សម្តេចពិជ័យសេនា ក៏បានពាំនាំអំណោយដ៏ថ្លៃថ្លា ដែលជាកញ្ចប់ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចែកជូនដល់មេបញ្ជាការ អង្គភាពនីមួយៗ ដើម្បីចែកជូនបន្តដល់នាយទាហាន ពលទាហាន នាយអាវុធហត្ថ និងពលអាវុធហត្ថ នាយនគរបាល និងពលនគរបាល និងពាំនាំនូវការនឹករលឹក របស់សម្តេចតេជោ សួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅរដូវចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើង ខាងមុខនេះជិតចូលមកដល់ ។

កម្មវិធីនេះ ធ្វើនៅទីបញ្ជាការ វរសេនាតូចរថគ្រោះ ចំណុះឲ្យយោធភូមិភាគទី១ នៅវេលាម៉ោង១០.៣៥នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ នាយទាហាន និងពលទាហាន ទាំងអស់ ជាពិសេសប្អូនៗ ក្មេងៗខ្លះជានាយទាហាន ខ្លះទៀតជាពលទាហាន ដែលជាទំពាំងស្នងឫស្សីត្រូវឈរលើគោលការណ៍តែមួយគត់ គឺការពារជាតិមាតុភូមិយើងតែមួយ ការពាទឹកដី ការពារប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសទៅទៀត ត្រូវបំបាត់អំពើចោរកម្ម ជម្លោះផ្ទៃក្នុងអង្គភាពតែមួយ ត្រូវចេះស្រឡាញ់មិត្តរួមអាជីពដូចគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសបន្តទៅទៀត ។

សម្តេចបន្តទៀតថា ព្រោះយើងទើបរួចផុតពីរបបប្រល័យពូជសាសន៍ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ខំប្រឹងតស៊ូដណ្តើមបានយ៉ាងលំបាក ពីរបបដ៏ខ្មៅងងឹតមួយនេះ មិនឲ្យបាត់បង់ទៅវិញ ដោយងាយៗនោះឡើយ ហើយម្យ៉ាងទៀត សូមបងប្អូនទាំងអស់ ដែលជាកងកម្លាំងប្រដាប់អាវុធ សូមកុំជឿការឃោសនាអូសទាញ ពីក្រុមជ្រុលនិយម និងជនអគតិ មួយក្តាប់តូច កំពុងតែបំផុសបំប៉ោង ដើម្បីបំបែកបំបាក់ផ្ទៃក្នុងឲ្យសោះ គឺមានសម្តេចតែមួយគត់ ដែលសង្គ្រោះជីវិតយើង ឲ្យមានអ្វីៗគ្រប់យ៉ាងឡើងវិញ មានតែសម្តេចតេជោទេ ទើបមានសុខសន្តិភាព មានសេរីភាព មានការអភិវឌ្ឍ រីកដុះដាលគ្រប់វិស័យ ៕ មាស សុផាត


ចែករំលែក៖