ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូត សង្ស័យថ្នាំញៀន ជិត៨ពាន់គ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តឆ្មក់បង្ក្រាប ជនជាតិឡាវម្នាក់ ដែលបានលបលួចនាំយកថ្នាំញៀន និងឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា បម្រុងចែកចាយបន្ត នៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្គាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តដែលដឹកនាំបង្ក្រាបករណីនេះផ្ទាល់ឲ្យដឹងថាៈ វត្ថុតាងដែលចាប់យកបានជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៣៩ កញ្ចប់ ស្មើ៧៦៨៣គ្រាប់ មានទម្ងន់សុទ្ធ៧៩៣,៣ ក្រាម និងលុយក្លែងក្លាយ១០០ដុល្លារ, លុយថៃ៣,០០០បាត និងទូរស័ព្ទអិនចុចពិល២គ្រឿង ។

លោកមេបញ្ជាការបន្តថា ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចខាងលើ នៅពេលដែលជនសង្ស័យរូបនេះព្យាយាមលួចឆ្លងដែន និងនាំយកគ្រឿងញៀនចូល មកប្រទេសកម្ពុជា ។

ចំណែកជនសង្ស័យឈ្មោះ ប៊ុន ម៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិឡាវ មានទីលំនៅភូមិបានដន ស្រុកផូនហូង ក្រុងវៀងច័ន្ទ ប្រទេសឡាវ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីកងរាជអាវុធហត្ថកសាងសំណុំរឿង បញ្ជូនជនសង្ស័យរូបនេះទៅសាលាដំបូងខេត្តស្ទឹងត្រែង ចាត់ការបន្ដតាមនីតិវិធី ៕ មាស សុផាត


ចែករំលែក៖