ខេត្តកណ្ដាល៖ រថយន្ដធុនធំមួយគ្រឿង ខណៈកំពុងបើកបរបានផ្ទុះកង់មុខ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងកិនបុរសម្នាក់កំពុងជិះម៉ូតូស្របទិសគ្នាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុប តាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ១១៥ ស្ថិតនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ គុំ ភីរុន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ 5ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Q-3654 ។ ចំណែករថយន្ដម៉ាក HYNO ពណ៌ក្រហម ពាក់ស្លាកលេខតាកែវ3A-2703 បើកដោយឈ្មោះ សួស ចាន់រ័ត្ន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអង្គដែកកណ្តាល ឃុំពោធិពង្រាល ស្រុកបរសេដ ខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចភ្លើងស្ដុបពណ៌ខៀង រថយន្ដខាងលើក៏បានបន្ដដំណើរទៅទៀត ខណៈនោះក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតស៊េរីឆ្នាំ២០១៦បើកបរក្នុងទិសដៅពីលិចទៅកើតដោយពុំឈប់នោះទេ ខណៈភ្លើងស្ដុបពណ៌ក្រហម ភ្លាមនោះអ្នកបើកបររថយន្ដក៏បានបើកគេចម៉ូតូស៊េរីឆ្នាំ២០១៦ ក៏បានផ្ទុះកង់មុខ បណ្ដាលឲ្យរថយន្ដក្រឡាប់ផ្ងារជើង កិនជនរងគ្រោះ ខណៈកំពុងបើកបរម៉ូតូស្របទិសគ្នា ធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពីមានហេតុការណ៍កើតឡើង នគរបាលជំនាញបានចុះអន្ដរាគមន៍កន្លែងកើតហេតុ រួចធ្វើការឃាតខ្លួនអ្នកបើកបររថយន្ដទុក និងពិនិត្យវាស់វែងកសាងសំណុំរឿងយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបររថយន្ដខ្វះការប្រយ័ត្ន ទើបមានរឿងហេតុបែបនេះកើតឡើង ៕ស្អាងជ័យ