ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើល្បិចបោកយកប្រាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក ប្រើល្បិចបោកយកប្រាក់ចំនួន៣០០ដុល្លារ តែមិនបានសម្រេច កាលពីថ្ងៃទី៨ មីនា ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៤០នាទី នៅចំណុចមុខក្លឹបហ្ស៊ូក ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។ ចំណែកជនរងឈ្មោះ ឡោ ប៊ុនឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការក្លឹបហ្ស៊ូក ស្នាក់នៅក្នុងក្លឹបហ្សូកផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សម្ភារ បន្សល់ទុក ៖ ទូរសព្ទ័ដៃ១គ្រឿង ម៉ាកណូគារ និងវិទ្យុទាក់ទង MOTOROLA ០១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានទូរស័ព្ទ មកប្រាប់ជនរងគ្រោះ ថាគេចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចក្លឹបហ្សូក បើមិនចង់ឲ្យគេចុះត្រួតពិនិត្យរដ្ឋបាលទេ ត្រូវរៀបចំកញ្ចប់លុយចំនួន៣០០ដុល្លារឲ្យគេ ហើយឈ្មោះ ផល សាវ៉េត (គេចខ្លួន) បានប្រើជនសង្ស័យពៅ ចាន់ធី ឲ្យមកយកលុយនៅក្លឹបហ៊្សូក ។ លុះដល់ម៉ោង១៥ និង៤០នាទី ស្រាប់តែជនសង្ស័យ ឈ្មោះ ពៅ ចាន់ធី បានជិះម៉ូតូឌុបមកដល់មុខក្លឹបហ្សូក ដើម្បីយកលុយពីជនរងគ្រោះ តែត្រូវជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕តុង សីហា


ចែករំលែក៖